ព័ត៌មានជាតិ

មន្រ្តីប៉ូលិសម្នាក់ បើករថយន្តហ្វតវ៉ាជែងកុងតឺន័រ បុកម៉ូតូបញ្ច្រាសទិស របួសធ្ងន់បុរសម្នាក់ រួចមិនទទួលខុសត្រូវបើករត់!

ភ្នំពេញៈ រថយន្តហ្វតមួយគ្រឿងបើកបរដោយបុរសម្នាក់ អះអាងថាខ្លួនជាសមត្ថកិច្ច តែមិនប្រាប់អង្គភាព ឬស្ថាប័ណ ក្នុងស្ថានភាពស្រវឹង បើកបររថយន្តល្បឿនលឿន វ៉ាជែងរថយន្តកុងតឺន័រខាងមុខ រេចង្កូតធ្លាក់ចិញ្ចើមផ្លូវម្ខាងទៀត ទៅបុកម៉ូតូសេ១២៥បើកបញ្រ្ចសទិស បណ្តាលឲ្យរងរបួសធ្ងន់ ហើយមិនឈប់ទទួលខុសត្រូវឡើយ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមបើករត់គេច ត្រូវបានកម្លាំងប៉ូលិសល្បាតជួប ប្រដេញផ្អើលតាមឃាត់ រហូតដល់មុខផ្សារកាណាស៊ីធី ផ្លូវវេងស្រេង ទើបចាប់រថយន្តបាន រួមទាំងអ្នកបើកបរ ធំក្លិនស្រាហួង។

រថយន្តបង្កម៉ាកហ្វ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9687 បើកបរដោយបុរសស្រវឹងម្នាក់ អះអាងថាខ្លួនជាសមត្ថកិច្ច ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-0394 បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ជែងគេឯង លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តកុងតឺន័រ រេចង្កូតធ្លាក់ចិញ្ចើមផ្លូវម្ខាងទៀត ទើបជ្រុលទៅបុកម៉ូតូជនរងគ្រោះបញ្ច្រាសទិស បណ្តាលឲ្យដួលផ្លោងជាច្រើនម៉ែត្រ រងរបួសធ្ងន់ ហើយរថយន្តមិនបានឈប់ទទួលខុសត្រូវឡើយ បានបន្ដែមល្បឿនបើករត់ គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍ភ្លើងឆេះរទេះឃើញ ដេញតាម រួមជាមួយកម្លាំងប៉ុស្តិ៍ផ្សេងទៀត រហូតដល់ផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ទើបស្ទាក់ចាប់បាន ឃាត់ទាំងអ្នកបើកបរ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិក រស្មី របស់អ្នកស្រី ខឹម រ៉ានី ដឹកយកទៅ ចំណែករថយន្តបង្ក និង ម៉ូតូ រួមទាំងជនបើកបរបង្កផង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់