ភ្នំពេញៈ បុរសស្រវឹងស្រាម្នាក់ បានបើករថយន្តម៉ាកសឺដេស ស្លាកលេខនគរបាល ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់ ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៣៦កែងនិងផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ គួច សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ស្លាប់)។
តាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ស្រវឹងស្រាជោគជាំម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកសឺដេស S-320 ពណ៌ស្ករ ពាក់ស្លាកលេខនគរបាល2-7730 តាមបណ្តោយផ្លូវ៣៣៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វងដៃ ជ្រុលបុកម៉ូតូមួយគ្រឿង ម៉ាកហ្សូម័អ៊ិច ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខភ្នំពេញ1DF-2984 ជិះដោយបុរសម្នាក់ បញ្ច្រាសទិសដៅគ្នា ពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោភ្លាមៗ តែដោយជនរងគ្រោះរងរបួសធ្ងន់ពេក បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ។
ក្រោយកើតហេតុម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋានខណ្ឌទួលគោក ទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕
មតិយោបល់