ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយខ្លួនឯងដោយម៉ូតូមួយគ្រឿង ជិះធ្លាក់ជង្ហុកដួល បណ្ដាលឲ្យរងរបួសធ្ងន់ ២នាក់ កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០១-២០២ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ ស-ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង សៀកឡុង ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ យោធាជើងទឹក មូលដ្ឋានរាម មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ ក៏ធ្លាក់ជង្ហុកដួលខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ម៉ន ណាវីត ភេទ ស្រី អាយុ ២៤ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅដូចអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ ក្រោយមកស្លាប់ រួចសពក៏ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកវត្ថុតាងម៉ូតូមករក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលឃុំអូរឧកញ៉្ញាហេង ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្ថិភាពនោះទេ៕


មតិយោបល់