ព័ត៌មានជាតិ

ងើបពីព្រឹក មកទិញឥវ៉ាន់ទម្លាក់ចង្រ្កានកូន តែជួបគ្រោះអកុសល ស្លាប់ក្នុងថ្លុកឈាម

បន្ទាយមានជ័យ:​ ព្រោះចង់ធ្វើពិធីទម្លាក់ចង្ក្រានកូនឲ្យបានធំដុំ បុរសជាឪពុកម្នាក់ បានងើបតាំងពីព្រលឹមស្រាងៗ ជិះម៉ូតូមកផ្សារ ដើម្បីទិញទំនិញបន្លែ និងសាច់​ លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះថ្នាក់ ដោយម៉ូតូជិះទៅបុកនិងគោយន្តកន្ត្រៃ បណ្ដាឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម។

ហេតុកាណ៍នេះ បានកើតឡើងវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹលថ្លា សង្កាត់ទឹក ថ្លា ក្រុងសិរីសោភ័ណ។

តាមប្រភពព័ត៌មានពីលោកនាយប៉ិស្តិ៍រដ្ឋបាលសំរោង ជនរងគ្រោះឈ្មោះ ឡុក ប៉ោល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូមកក្រុងសិរីសោភ័ណ ដើម្បីទិញក្បាលជ្រូក និងនំប៉័ង ដើម្បីទម្លាក់ចង្រ្កានកូន ពេលជិះដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។

លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ បានឲ្យដឹងថា ៖ ជនរងគ្រោះ បានបើកម៉ូតូក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ចំណែក ម៉ូតូមិនមានភ្លើងបំភ្លឺគ្រប់គ្រាន់ងងឹត ទើបបង្កឲ្យជួបនូវគ្រោះថ្នាក់បែបនេះ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូរងការខូចខាតធ្ងន់ ចំណែកអ្នកបើកគោយន្ត ក្រោយកើតហេតុបានបើកគេចខ្លួនបាត់ស្រមោល៕

មតិយោបល់