ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស យាយព្រឿង មេឈ្នួញឈើខេត្តស្ទឹងត្រែង ដាក់គុក ២ឆ្នាំ!

ភ្នំពេញ: ដូចជាការគ្រោងទុកនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ហេង សំនាង ហៅយាយព្រឿង ភេទស្រី អាយុ ៥៧ឆ្នាំ ជាមេឈ្មួញរកស៊ីឈើល្បីឈ្មោះប្រចាំខេត្តស្ទឹងត្រែង ដាក់ពន្ធនាគារកំណត់រយ:ពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០លានរៀលចូលជាថវិការដ្ឋក្រោមបទចោទប្រកាន់ ចំនួន ៣បទល្មើសគឺ៖ ទី១ បទ ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញាតិ, ទី២ បទ ប៉ុនប៉ងលួច , ទី៣ បទ ប្រឆាំងនឹងអ្នករាជការសាធារណ:មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសយោងតាមមាត្រា ៩៨ នៃច្បាប់ស្តីអំពីព្រៃឈើ មាត្រ៣៦១ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទបានថ្លែងនៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧កន្លងមកថា លោកស្រីមិនបានទៅរំដោះឈើនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ទេ គឺមានមន្ត្រីហៅទូរស័ព្ទទៅខ្លួនឲ្យទៅទិញឈើនៅ សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។

ជនជាប់ចោទបន្ដថា ឈើដែលសមត្ថកិច្ចចាប់នោះជារបស់ឈ្មោះ តាក្វា ជាជនជាតិវៀតណាមទិញពីពលរដ្ឋក្នុងស្រុក ឡាបាសៀក និងស្រុកថាឡាបរិវ៉ាត់ ហើយឈ្មោះ តាក្វា ជួលឲ្យខ្លួនទៅដឹកចេញ ពីសង្កាត់រដ្ឋបាលព្រៃឈើវិញ។

លោក ឃ្លោក សីម៉ា ប្រធានគោលដៅបង្ក្រាបបទល្មើសព្រៃឈើ ខេត្តស្ទឹងត្រែង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបរាប់ថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ក្រុមការងាររបស់លោក បានរកឃើញឈើចំនួនជាង ២៥ម៉ែត្រគូប នៅក្នុងចម្ការកៅស៊ូមួយកន្លែងក្នុងខេត្តស្ទឹងត្រែង។ ក្រោយរកឃើញ សមត្ថកិច្ចលោកបាន ដឹកជញ្ជូនឈើទាំងអស់នោះ ទៅរក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ដោយមានមន្ត្រីអាវុធម្នាក់ឈ្មោះ វង់ ចាន់ណា ជាអ្នកយាមនាពេលយប់នោះ។

លោក វង់ ចាន់ណា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលដេកយាមឈើល្មើសបាន និយាយថា នៅវេលាទាបភ្លឺ ម៉ោងជិត៣ភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជនជាប់ចោទ បានបើកឡានម៉ាក បាឡែន ១គ្រឿង និងសាំងយ៉ុង ១គ្រឿង ចូលក្នុងបរិវេនសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកសម្របសម្រួល ឲ្យដឹកឈើល្មើសចេញទាំងយប់។

លោកបន្ដថា ដោយសារជនជាប់ចោទ និងកម្មករបានធ្វើសកម្មភាពផ្ទុយច្បាប់បែបនេះទើបលោកបាន ហៅទូរសព្ទទៅមេឈ្មោះ ឃ្លោក សីម៉ា ឲ្យមកជួយឃាត់ខ្លួនជនជាប់ចោទតែម្តង។ នៅក្នុងហេតុការណ៍នោះ លោកបានបាញ់ ឡើងលើមួយគ្រាប់ នៅពេលជនជាប់ចោទបានស្រែកហៅឲ្យកម្មករមកជួយរំដោះខ្លួនពីសមត្ថកិច្ច។

គួររំលឹកថា ជនជាប់ចោទ ត្រូវបានលោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ម២ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។

ជនជាប់ចោទ ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណ:ដែលជនជាប់ចោទ យករថយន្តសាំយ៉ុង២គ្រឿង និងនាំកម្មករជាង១០នាក់ ចូលទៅដឹកឈើជាវត្ថុតាងបទល្មើសព្រៃឈើដែលសមត្ថកិច្ចរឹបអូសបាន រួចរក្សាទុកនៅក្នុងបរិវេណស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។

ឈ្មោះ ហេង សំនាង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចស្នើសុំប្តូរសមត្ថកិច្ចតុលាការពីតុលាការខេត្តស្ទឹងត្រែងមកសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់