ព័ត៌មានជាតិ

រថភ្លើងខ្សែVIP របស់ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ដឹកភ្ញៀវចេញពីព្រលានយន្តហោះពោធិ៍ចិនតុង បើកបុករថយន្ត៤គ្រឿងបន្តបន្ទាប់ ខណៈដែលផ្លូវកំពុងកកស្ទះ

ភ្នំពេញៈ រថយន្តចំនួន៤គ្រឿង ខណៈដែលកំពុងបើកបរលើផ្លូវចម្រុះមួយ ស្របពេលដែលកំពុងកកស្ទះចរាចរណ៍ ត្រូវបានរថភ្លើងខ្សែVIPដឹកភ្ញៀវចេញពីព្រលានយន្តហោះពោធិ៍ចិនតុង បើកបុកជាបន្តបន្ទាប់ បណ្តាលឲ្យទទួលរងខូចខាត ៣គ្រឿងបើកកើត។ ក្រោយកើតហេតុបានបើកទៅបាត់ ចំណែករថយន្តហាយឡែនឌ័រមួយគ្រឿង ខ្ទេចធ្ងន់ជាងគេ ដាច់កង់មុខខាងឆ្វេង ជញ្ជាំងអស់មួយចំហៀង បើកមិនកើត រង់ចាំនៅមួយកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងកសលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន មុខផ្សារតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដងផ្លូវចម្រុះពិសេស ខាងលើ (ផ្លូវរថភ្លើង ផ្លូវថ្មើរជើង ផ្លូវកង់ ម៉ូតូ ស៊ីក្លូ ឡាន ) មានសភាពកំពុងកកស្ទះ គាប់ជួន រថភ្លើងពិសេស របស់ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ដឹកភ្ញៀវចេញពីព្រលានយន្តហោះ បើកពីត្បូងទៅជើងមកដល់ ទោះជាស៊ីផ្លេឲ្យបែកអាកាសទៀតក៏មិនដឹងជៀសគេចទៅណារួចដែរ ព្រោះផ្លូវរថភ្លើង ម៉ូតូ កង់ និងផ្លូវរថយន្ត បច្ចុប្បន្ន ត្រូវបានអ្នកជំនាញ សង់ច្របល់ជាមួយគ្នា មិនបានចែកដាច់ឡើយ បើកមកបុករថយន្ត ចំនួន៤គ្រឿង ជាបន្តបន្ទាប់ ក្នុងទិសដៅពីជើងទៅត្បូង មានរថយន្តតាកូម៉ា រថយន្តឡិចស៊ីស រថយន្តសាំយ៉ុង និងខាងក្រោយគេ ហើយក៏ទទួលរងធ្ងន់ជាងគេ គឺរថយន្តហាយឡែនឌ័រ ។ ក្រោយជួបហេតុការណ៍ រថយន្ត៣គ្រឿងខូចខាតមធ្យម បើកទៅបាត់អស់ រថភ្លើងក៏បន្តដំណើរទៅមុខបាត់ដែរ សល់តែ រថយន្តអភព្វ ហាយឡែនឌ័រ ទៅណានឹងគេមិនកើត ដោយសារដាច់កង់ម្ខាង ។

តាមប្រជាពលរដ្ឋបានលើកឡើងថា កំណាត់ផ្លូវ ចាប់ពីមុខវត្តតាំងកសាង រហូតដល់ ព្រលានយន្តហោះ កើតមានគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ គ្រាន់តែធ្ងន់ ឬស្រាល បើកមិនរថភ្លើងបើកបុក ក៏បើកបុករថភ្លើង ហើយជាងនេះទៅទៀត រាល់ថ្ងៃរាប់លែងអស់ អ្នកជិះម៉ូតូ ធ្លាក់ចូលដែកផ្លូវរថភ្លើង ហើយដួលបណ្តាលឲ្យរងរបួស ។ ពលរដ្ឋកោតសរសើរដល់ អ្នកជំនាញបច្ចេកទេស សាងសង់ផ្លូវដែក អរគុណដល់ក្រុមហ៊ុនរ៉យ៉ាល់រ៉េលវេ បានរកការបន្ថែមឲ្យពេទ្យ ឲ្យសមត្ថកិច្ច មានការងារធ្វើរាល់ថ្ងៃ ដោយសារផ្លូវរថភ្លើង ចូលព្រលាន បើកបុក បើកប៉ះ បើកកៀរ ធ្លាក់កង់ចូលប្រឡោះផ្លូវរថភ្លើង ដោយម្ចាស់អ្នកសាងសង់ គាត់ជិះតែរថយន្ត រថភ្លើង ទើបគាត់មិនដឹងថា ផ្លូវរថភ្លើងចូលព្រលានយន្តហោះ តាំងពីបង្កើតឲ្យដំណើរការពេលណាមក កំពុងពេញនិយម ប្រឈម បង្កគ្រោះថ្នាក់ ម្ចាស់ក្រុមហ៊ុនមិនខ្វល់ ក្នុងហេតុផល រថភ្លើងមានផ្លូវតែមួយ ពលរដ្ឋវិញទេដែលខ្វល់ ព្រួយបារម្មណ៍ ដោយសារ ផ្លូវចំណុចពិសេសរបស់រថភ្លើងចូលព្រលាន សាងសង់ប្រចល់ចូលគ្នាជាមួយ ផ្លូវយានផ្សេងទៀត ៕

មតិយោបល់