ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប សង្ស័យរបស់មន្ត្រីប៉ូលិស ត្រូវនារីរូបស្រស់ម្នាក់ ទំនងជាស្រវឹង បើកបុកកង់បីឥណ្ឌា បណ្ដាលខូចខាតម្ចាស់រងរបួសស្រាល

ភ្នំពេញៈ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹង បើករថយន្តស៊េរីទំនើបម៉ាករ៉េងរ៉ូវើ ទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នៅក្រោមស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យម្ចាស់កង់បីរងរបួសស្រាល រួចរថយន្តបង្ក ព្យាយាមបើករត់រហូតមកដល់ស្តុបក្តាន់ពីរ ខណ្ឌ៧មករា ក៏ត្រូវបានសមត្ថកិច្ច សហការគ្នាដេញចាប់បាន។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែវនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បើកមកផ្លូវក្រោមស្ពានឆ្លងទៅផ្លូវណតប្រីត ខណៈនោះក៏មានរថយន្តស៊េរីទំនើប ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-5161 បើកបរដោយនារីស្រស់ម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ផ្លូវខាងក្រោមទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ភ្លាមៗនោះក៏មានម្ចាស់ម៉ូតូកង់បីក្រឡែកឃើញទាន់ បានលោតចេញមកទប់ដៃចង្កូតម៉ូតូកងបីការពារកំឲ្យក្រឡាប់តែ ត្រូវរថយន្ត បុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹង បណ្តាលវិលពីរទៅបីជុំ សំណាងល្អម្ចាស់ម៉ូតូកង់បីរងរបួសស្រាល។

ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចចរាចរណ៍ ប្រចាំការនៅចំណុចគោលដៅស្ពានអាកាសបានបោះដៃ តាមវិទ្យុទាក់ឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផង។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានចេញមកអន្តរាគមន៌ និងសហការជាកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ទើបឃាត់រថយន្ត បង្កបាននៅចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ៧មករា បានប្រគល់អ្នកបើកបររថយន្តបង្ក ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ចំណែករថយន្តនិងម៉ូតូកង់បីជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់