ស៊ីរីៈ យ៉ាងហោចណាស់មនុស្ស ៣៩ នាក់ ក្នុងនោះមានកុមារ ១២ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការបំផ្ទុះគ្រាប់បែក ដែលបានទម្លាក់លើអាគារមួយ ក្នុងខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។
អាគារដែលផ្ទុះនោះ ស្ថិតនៅទីប្រជុំជន Sarmada ត្រូវបានគេនិយាយថា មានផ្ទុកគ្រាប់រំសេវ ដែលជាកម្មសិទ្ធិរបស់ឈ្នួញជួញដូរប្រដាប់អាវុធ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកឃ្លាំមើល បាននិយាយថា មនុស្សរាប់សិបនាក់ បានបាត់ខ្លួន ខណៈដែលមិនទាន់រកឃើញពួកគេនៅទ្បើយទេ។
ខេត្ត Idlib គឺជាតំបន់ដ៏ធំបំផុត ដែលកាន់កាប់ដោយពួកឧទ្ទាម ហើយគេរំពឹងថា នឹងក្លាយជាគោលដៅបន្ទាប់ សម្រាប់កងកម្លាំងប្រដាប់អាវុធស៊ីរី ធ្វើប្រតិបត្តិការវាយលុក។
សូមជំរាបថា នៅក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់ បានបង្កើនការវាយលុកប្រឆាំងក្រុមឧទ្ទាម និង ក្រុមជីហាដជាច្រើននៅទូទាំងប្រទេសស៊ីរី៕
មតិយោបល់