ភ្នំពេញៈ បុរស៣នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង លឿនដូចហោះ ដល់ចំណុចផ្លូវបែកជាបួនមិនបង្អង់លឿនជ្រុលទៅបុករថយន្តកាមរីហាយប្រីត ប៉ើងទៅបុកក្បាលនាគចែកនិងរថយន្តហ៊ីយ៉ាន់មួយគ្រឿងទៀត ចតស្ងៀមលើចិញ្ចើមផ្លូវខូតខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កប៉ើងទៅបោកនិងបង្គោលភ្លើងថ្ម១ដើមទៀត បណ្តាលឲ្យរថយន្តខូតខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស៣នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-8629 បើកបរតាមបណ្តោយផ្លូវ១៥៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើ មិនបន្តល្បឿនជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2768 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលរថយន្តហាយប្រីតខ្ទាតទៅប៉ះក្បាលនាគពុះចែកផ្លូវវៀច ចេញពីជួរតិចតួចរួចទៅប៉ះនិងរថយន្តរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀតចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យខូតខាតតិចតួច។ ចំណែករថយន្តបង្កកាមរីបាឡែនវិលមួយជុំទៅបោកនិងបង្គោលភ្លើងថ្មមួយដើមនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបែកតិចតួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់