ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាលឿនពេកជ្រុល ទៅបុករថយន្តត្រង់ចំណុចស្តុបបែកជាបួន ស្លាប់ម្នាក់ រងរបួស២នាក់

ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងស្រ្តី២នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ ចំណុចស្តុបបែកជាបួនពេញទំហឹង បណ្តាលបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះចំណែកស្ត្រី២នាក់ទៀតរងបួសធ្ងន់។

ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌមករា៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ពឹម ពឿន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតរស់នៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រី២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GL-6947 តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-0830 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៦៩ ទិសដៅពីជើងពេញទំហឹងចំហៀងខាងមុខផ្នែកខាងស្តាំដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ តែដោយសារបួសធ្ងន់ពេកបណ្តោយបុរសម្នាក់ជាអ្នកបើកបរបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែយករថយន្តម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់