ព័ត៌មានជាតិ

លុចស៊ីស RX-៣០០មួយគ្រឿង បើកបុកឡើងលើសួនច្បារវត្តភ្នំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៏មួយ ដោយរថយន្តម៉ាកលុចស៊ីសមួយគ្រឿង បើកក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកឡើងលើខឿន និងបុករបាំងដែក រួចបន្តបុកចូលក្នុងសួនច្បារ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៏នេះ កើតឡើងការពីវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ ច័ន្ទ ទី ១៣ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញនារីម្នាក់ បើករថយន្តម៉ាកលុចស៊ីស RX-300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6863 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ បានបុកឡើងលើខឿន និងបុករបងដាក់ការពារសួនរបើកអស់១ផ្ទាំង មិនទាន់អស់ល្បឿន ក៏ជ្រុលបុកចូលលើសួនផ្កា បណ្ដាលឲ្យរងការខូចខាតផ្កាជាច្រើនដើម រីឯវិញរថយន្តការខូចខាតផ្នែកខាងមុខ ដាច់ក្រឡេកង់ខាងឆ្វេង ទៅមុខលែងរួច និងផ្ទុះពោងសុវត្ថិភាព សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត ក៏បានដោះស្លាកលេខ ចេញពីរថយន្តហើយរត់គេចខ្លួន បាត់ស្រមោលបន្សល់តែរថយន្ត ត្រូវសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់