ព័ត៌មានជាតិ

ដាក់ថ្នាំបំពុលឆ្កែចូលលួចម៉ូតូ គេចខ្លួនបាន២ខែ ចុងក្រោយជាប់ខ្នោះ!..

បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ១ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ ខេត្តសៀមរាប ចុះប្រត្តិបត្តិការនាំខ្លួនជនសង្ស័យ២នាក់ ដែលពាក់ពន្ធ័ករណី អំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោម៉ូតូ) កាលពីខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិអូរគ្រួស ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនសង្ស័យទី១ឈ្មោះ ឆាយ រាជ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរគ្រួស ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ និងទី២ឈ្មោះ ចិន វ៉ាត ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិចម្រេះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រោយពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពរួចក៏បានរត់គេចទៅសម្ងំលាក់ខ្លួននៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើធ្វើការឃាត់ខ្លួនទាំង២នាក់។

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា កាលពីខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២រំលងអធ្រាត្រ ខ្លួនបានធ្វើសកម្មភាពដាក់ថ្នាំបំពុលជាមួយសាច់គោ ឲ្យឆ្កែស៊ី បន្ទាប់មកម្ចាស់ផ្ទះដេកលក់អស់ មើលទៅមានឱកាសល្អ ខ្លួនក៏បានធ្វើសកម្មភាពចូលទៅកាច់សោរម៉ូតូដែលម្ចាស់ផ្ទះទុកនៅសំយាបខាងមុខ ហើយក៏បានជិះគេចខ្លួនបាត់។
វត្ថុតាងដកហូតរួមមាន៖ ដែកច្នៃសម្រាប់កាច់សោម៉ូតូចំនួន១,ទួណឺវីសចំនួន៣,ដង្កាប់ចំនួន១, សោសម្រាប់ដោះចំនួន៥, ទូរស័ព្ទដៃចំនួន១, ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង1AD-1372។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់