ព័ត៌មានជាតិ

រថយន្តដឹកស៊ីទែនទឹកបុកម៉ូតូសណ្តោងរ៉ឺម៉ក ផ្ទប់កៀបរថយន្តកុងតឺន័រ បុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: បុរសអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កម្នាក់រងរបួសធ្ងន់ ខណ:ដែលជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកស៊ីទែនទឹកបុកពីក្រោយផ្ទប់កៀបជាមួយរថយន្តកុងតឺន័រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែសីហ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូរ៉ឺម៉កមួយគ្រឿងខាងលើបើកបរពីទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកស៊ីទែនទឹកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 3254 បើកបរស្របទិសគ្នាពីក្រោយសង្ស័យហ្រ្វាំមិនសូវស៊ីបានជ្រុលទៅបុកកន្ទុយរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹងទៅផ្ទប់ជាមួយនិងរថយន្តកុងតឺន័រមួយគ្រឿងទៀតខាងមុខ បណ្តាលឲ្យបុរសអ្នកបើករ៉ឺម៉ករងរបួសបែកភ្នែកខាងឆ្វងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនភ្លាមៗតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យឯកជនសួគាដើម្បីធ្វើការសង្រ្គោះបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ បន្ទាប់មកក៏យករថយន្តបង្កនិងម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សាទុកនៅអធិការខណ្ឌមានជ័យដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់