ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន បុករះម៉ូតូដើមឈើនិងរថយន្តមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាបើករថយន្តកាមរីបាឡែនមួយគ្រឿងបោះពួយលឿនដូចហោះ ដល់បែកជាបួនមិនបង្អង់លឿនជ្រុលបុករះម៉ូតូ និងដើមឈើមួយដើម និងបន្តទៅបុករថយន្តព្រូសមួយគ្រឿងម្ចាស់ចតស្ងៀមលើចិញ្ចើមផ្លូវ បណ្តាលបុរសម្នាក់ម្ចាស់ម៉ូតូរងរបួសធ្ងន់។ ចំណែករថយន្តបង្កផ្ទប់ជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ខុនដូSKY3 តាមបណ្តោយផ្លូវ២៨៧ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសស្រវឹងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3928 បើកបរតាមបណ្តោយផ្លូវ២៨៧​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដូចហោះលុះមកផ្លូវបែកជាបួនកែងនិងផ្លូវ៥២៨ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-5482 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ៥២៨ ទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលជនរងគ្រោះម្ចាស់ម៉ូតូដួលបោកនិងរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្បែរកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្កបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកដើមឈើមួយដើមទៀតបាក់រាបដល់ដី និងបន្តទៅរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3251 ម្ចាស់ចតស្ងៀមនៅលើចិញ្ចើមផ្លូវចំហៀងខាងស្តាំពេញទំហឹងទៅមុខលែងរួច។ ចំណែករថយន្តនិងម៉ូតូខូតខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួននៅនឹងកន្លែងកើតហេតុផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់និងបានប្រគល់ម្ចាស់រថយន្តបង្កឲ្យទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់