សៀមរាបៈ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានពីបុគ្គលិកសណ្ឋាគារ GOLDEN BUTTERFLY VILLA ថាមានករណីជនបរទេសស្លាប់។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ GILDRED JOSEPH DANIEL ភេទប្រុស កើតឆ្នាំ១៩៧៧ ជនជាតិអាមេរិចកាំង កាន់លិខិតឆ្លងដែនលេខ ៤៨៤០៨១៣៨៨ ជាភ្ញៀវទេសចរ បានដេកស្លាប់នៅក្នុងបន្ទប់លេខ១១០នៃសណ្ឋាគារខាងលើ។
ជនរងគ្រោះចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ១១០ សណ្ឋាគារ GOLDEN BUTTERFLY VILLA ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដោយជំងឺស្ទះសរសៃឈាមបេះដូង-ដាច់សរសៃឈាមខួរក្បាល។
សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារនិងតំណាងស្ថានទូត៕
មតិយោបល់