ព័ត៌មានជាតិ

ចិនទៀតហើយ កាន់តែខ្លាំង ប្លន់ស្រស់ៗនៅសៀមរាប!

សៀមរាបៈ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មានករណីលួចដោយមានស្ថានទម្ងន់ទោស(ប្លន់អាវុធខ្លី) នៅមុខផ្ទះជនរងគ្រោះ ភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះបើកបររថយន្តម៉ាកកាមរី ពណ៌ស ស្លាកលេខ ភ្នំពេញ2AH 9660 បើកបរដោយ ឌឹម វិជ្ជារ៉ា បើកចេញពីប្រកបរប្តូរប្រាក់ និងវេរប្រាក់សៀមរាប ត្រឡប់មកផ្ទះរបស់ពួកគាត់វិញ(ភូមិឃុំកើតហេតុ)។ លុះបើកមកដល់មុខរបងផ្ទះជនរងគ្រោះទី១ឈ្មោះ តៅ សុភា បានចុះពីឡានផ្នែកខាងក្រោយម្នាក់ឯង ដើម្បីបើកទ្វាររបងចូល ស្រាប់តែឃើញមានក្រុមជនសង្ស័យមិនស្គាល់មុខ៣នាក់ មានពាក់ម៉ាស់បិទមុខជិត ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មាឌធំខ្ពស់ ស្លៀកពាក់ស៊ីវិល មិនច្បាស់ភិនភាគ បានដើរចេញពីដុបព្រៃផ្នែកខាងកើតអែបផ្លូវនោះ សំដៅមកឡានគាត់។ ភ្លាមនោះមានម្នាក់ស្ទុះមកវាយលើគាត់ដោយវត្ថុរឹងចំក្បាលបណ្តាលឲ្យគាត់រងរបួស តែគេមិនបាននិយាយអ្វីទេ ហើយគាត់លើកដៃវាយទៅមនុស្សនោះវិញ និងបានស្រែករកអ្នកជិតខាងជួយ ចំណែកគ្នាគេម្នាក់ទៀតបានវាយបំបែកកញ្ចក់ឡានបែកផ្នែកខាងស្តាំ បណ្តាលឲ្យមុតកូតស្បែកកែងដៃស្តាំជនរងគ្រោះឈ្មោះ ជូ រចនា ដែលអង្គុយក្នុងនោះ បំណងរកទ្រព្យសម្បត្តិមានតម្លៃ ដោយជនរងគ្រោះស្រែកខ្លាំងផ្អើលអ្នកជិតខាង ក្រុមជនសង្ស័យទាំងនោះបានរត់គេចខ្លួនទៅទិសខាងកើតឆ្លងស្ទឹងបាត់។

ក្រោយទទួលបានព័ត៌មាន កម្លាំងយើងចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញឡានរបស់ជនរងគ្រោះ មានបែកកញ្ចក់ខាងស្តាំ និងឃើញមានវត្ថុតាង គ្រាប់កាំភ្លើង១គ្រាប់,បង់កាំភ្លើង១ មាន៨គ្រាប់ នៅដីជិតរបងផ្ទះជនរងគ្រោះ និងដំបងទីបដែក១មូល ប្រវែង៧៩ស.ម នៅចំរ៉ាក់មាត់ស្ទឹងខាងកើតកន្លែងកើតហេតុ។ បន្ទាប់កម្លាំងសមត្ថកិច្ចប៉ូលិសយើង រួមទាំងប្រជាការពារ និងប៉េអឹម ធ្វើការរុករកតាមក្រុមជនសង្ស័យក្នុងមូលដ្ឋាននោះ បានឃើញមានគ្រាប់កាំភ្លើង១គ្រាប់ទៀត នៅផ្លូវបេតុងក្នុងភូមិប្រយុទ្ធ ឃុំ,ស្រុកពួក ដែលនៅទិសខាងកើតកន្លែងកើតហេតុប្រហែល១៥០ម៉ែត្រ។ បន្ទាប់យើងឃើញមានឡាន១គ្រឿង ម៉ាកស្តារិច ស៊េរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងឡាននោះមានដាក់ម៉ូតូ១គ្រឿងទៀត ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៦ ទុកចោលនៅមុខខ្លោងទ្វារសាលាបឋមសិក្សាទៀបាញ់គំរូ ភូមិប្រយុទ្ធ ឃុំស្រុកពួក ចាក់សោជាប់ហើយស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលពួក។

យើងបន្តតាមរកជនសង្ស័យបន្តទៀត នៅម៉ោង១និង២០នាទីរំលងអធ្រាត្រ រហូតម៉ោង៤ ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨ កម្លាំងយើងឃាត់បានជនសង្ស័យចំនួន៣នាក់ ឃាត់បានម្នាក់ នៅចំណុចមុខសាលាវិទ្យាល័យពួក(ឈ្មោះLe xiaosi ភេទប្រុស អាយុ៣៨ឆ្នាំ) បន្ទាប់ឃាត់បានម្នាក់ទៀត នៅខាងកើតជាប់សាលាបឋមសឹក្សាទៀបាញ់គំរូ(ឈ្មោះHu Ming chaa ភេទប្រុស អាយុ៤៣ឆ្នាំ) និងជនសង្ស័យទី៣ឃាត់បាននៅក្បែរវត្តធម្មយុទ្ធ(ឈ្មោះ Lhang yong sheng ភេទប្រុស អាយុ៤៨ឆ្នាំ)។

ករណីនេះ យើងបានសហការជាមួយកម្លាំងផែនអន្តោប្រវេសន៍ ការិ-កណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

មតិយោបល់