ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានសកម្មភាពបទល្មើសព្រហ្មទណ្ឌ កើតឡើង១ករណី គឺបទប៉ុនប៉ងឃាតកម្ម។
ជនសង្ស័យឈ្មោះ អុន សម្បត្តិ ហៅអាលឹម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ សើច កុសល អត្តលេខ ៦៦២៦៦ ឋានន្តរសក្ដិ អនុសេនីយ៍ឯក មានតួនាទីជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាត (រងរបួសធ្ងន់)។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកដើមដំឡូងមី មកវាយលើជីដូនខ្លួន ឈ្មោះ ភោគ ភី ព្រមទាំងយកអំបោស មកវាយចំស្មារគាត់ថែមទៀត។ នៅពេលនោះ ជីដូនបានអង្គុយយំ ធ្វើឲ្យឮសូរដល់ឈ្មោះឌី គីន (ត្រូវបងជីដូនមួយជនសង្ស័យ) ដែលមកដេញមាន់ នៅក្បែររបងផ្ទះជនសង្ស័យ ឃើញដូចនេះ ជនសង្ស័យ ក៏បានយកកាំបិតចុងស្រួច ដេញចាក់បងជីដូនមួយ តែសំណាងល្អ គាត់រត់ចូលក្នុងផ្ទះទាន់។
មូលហេតុ៖ ដោយសារខឹងជីដូន រអ៊ូរច្រើនពេក។
ក្រោយទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចចំនួន ៤នាក់ ដឹកនាំដោយលោក សើច កុសល នាយរងប៉ុស្តិ៍ ចុះដល់កន្លែងកើត ឃើញជនសង្ស័យ កំពុងកាន់កាំបិតចិតត្នោត គ្រវីកុំឲ្យមានអ្នកចូលមកជិតខ្លួន ពេលនោះ នាយរងប៉ុស្ដិ៍បានដើរថយក្រោយ មិនប្រយ័ត្នបានទាក់ជើងដួល ធ្វើឲ្យជនសង្ស័យ មានឱកាស ក៏ស្ទុះមកចាក់ចំនួន ២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមស្រោចជោកខ្លួន ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ដោយអំទ្បុងពេលនោះ ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនបានផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់