ព័ត៌មានជាតិ

ចៅក្រម ជួន សុរាសី ដោះលែង មន្ត្រីនគរបាលម្នាក់ ដែលស្រវឹងស្រាបើកឡានបុកនិស្សិតស្លាប់ ក្រោយពីលោក ខាំ សុផារី ជាតំណាងអយ្យការ ស្នើសុំមិនឃុំខ្លួន

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះថា លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែង ជនត្រូវចោទម្នាក់ ជាមន្ត្រីនគរបាល ដែលបើករថយន្តក្រោមស្ថានភាពស្រវឹង បុកជនរងគ្រោះស្លាប់ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះហើយ។

ប្រភពបន្តថា លោក ខាំ សុផារី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ អ៊ុច ឆាយ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ នគរបាល ពីបទ បើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដ៏ទៃដោយអចេតនា យោងតាម មាត្រា ៨៥ ស្តីពីច្បាប់ ចរាចរណ៍ផ្លូវគោក។

ក្រោយសម្រេចចោទប្រកាន់លើជនត្រូវចោទ លោក ខាំ សុផារី បានបញ្ជូនសំណុំរឿងទៅឲ្យ ចៅក្រមស៊ើបសួរ ចាត់ការបន្ត ដោយមិនស្នើសុំឲ្យ ចៅក្រមស៊ើបសួរ ឃុំខ្លួន ជនត្រូវចោទនោះទេ។

គួររំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីពាក់កណ្តាលយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនត្រូវចោទ ឈ្មោះ អ៊ុច ឆាយ បើកបររថយន្តម៉ាក ម៊ែកសឺដេស ពណ៌ ស្ករ ពាក់ស្លាក នគរបាល ២.៧៧៣០ ក្រោមស្ថានភាពស្រវឹងជោកជាំ ទៅបុកម៉ូតូមួយគ្រឿង ម៉ាក Zoomer – X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF-2984 បណ្តាលឲ្យជនរងគ្រោះឈ្មោះ គួច សុផានិត ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះ លេខ ២៤B ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ផ្លូវបំបែកជា៤ ផ្លូវលេខ ២៥៥ កែងនឹង ផ្លូវ ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

មតិយោបល់