ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីបញ្ជាក់លិខិតក្លែងក្លាយ ដោយសារតែខ្លួនចង់រៀបការប្រពន្ធថ្មី ទាំងខ្លួនមិនទាន់លែងលះប្រពន្ធដើមដាច់ស្រេច។
កើតហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ សណ្ឋាគារ Flamingoសង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រុកកំណើតស្រុកសំឡូតខេត្តបាត់ដំបង មុខរបរបុគ្គលិក(ផ្នែកជាងភ្លើង)សណ្ឋាគារ flamingo។
នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ច ក៏បានរកឃើញវត្ថុតាង មានលិខិតបញ្ជាក់(ក្លែង) ០១ច្បាប់, ត្រាឈ្មោះ(ក្លែង) ចំនួន ០១, ត្រាមូល សង្កាត់ព្រែកឬស្សី(ក្លែង) ០១, ត្រា(សង្កាត់), ម៉ូតូ០១គ្រឿងម៉ាកTodayពណ៌ឈាមជ្រូក បិទស្កុតពណ៌ស្វាយ គ្មានផ្លាកលេខ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ មាននារីម្នាក់អាយុ២៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានកាន់លិខិតបញ្ជាក់ដូចខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ដើម្បីសួរចង់ដឹងថាលិខិតបញ្ជាក់នេះត្រឹមត្រូវឬអត់ ព្រោះជនសង្ស័យដែលស្រឡាញ់គាត់បានប្រគល់លិខិតនេះមកឲ្យគាត់ ដោយបញ្ជាក់ថាខ្លួននៅលីវ។
ពេលនគរបាលប៉ុស្តិ៍ពិនិត្យមើលឃើញថាលិខិតនេះមិនប្រក្រតីទើបដកហូតទុកសិនដើម្បីស្រាវជ្រាវ។ លទ្ធផលដឹងច្បាស់ថាជាលិខិតក្លែង ទើបនៅថ្ងៃកើតហេតុខាងលើនគរបាលប៉ុស្តិ៍ព្រែកឬស្សី បានទាក់ទងតាមរយៈទូរស័ព្ទទៅនារីដែលត្រូវជាសង្សារបស់ជនល្មើស ឲ្យនាំជនសង្ស័យមកប៉ុស្តិ៍នគរបាលព្រែកឬស្សីដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានធ្វើលិខិតបញ្ជាក់ក្លែងក្លាយដោយខ្លួនឯងពិតប្រាកដមែន ព្រោះតែចង់រៀបការជាមួយនារី ដែលខ្លួនស្រឡាញ់ ដោយខ្លួនមិនទាន់លែងលះជាមួយប្រពន្ធដាច់ស្រេចនៅឡើយ បន្ទាប់មកបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់