ភ្នំពេញៈ ជនរងគ្រោះម្នាក់រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ រៀបរាប់រឿងចោរលួចម៉ូតូខ្លួន បាត់ពីក្នុងបន្ទប់ជួល ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ទើបដឹងថា ម៉ូតូដែលចោរលួតយកទៅបាត់នោះ ត្រូវបានសមត្ថកិច្ចប្រទះឃើញ លាក់ទុកក្នុងព្រៃ សំណង់ចាស់ បុរីព្រីនថោន ភូមិក្បាលដំរី សង្កាត់កាកាប កាលពីវេលាម៉ោង១២ថ្ងៃទី២០ ខែសីហានេះ ទើបនគរប៉ុស្តិ៍ចោមចៅ៣ ប្រាប់ឲ្យទៅសាកសួរ នៅប៉ុស្តិ៍កាកាប២ ឬផ្នែកព្រហ្មទណ្ឌខណ្ឌវិញ។
បើតាមនគរបាល បានឲ្យដឹងថា ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BZ-5958 ត្រូវបានរកម្ចាស់ឃើញហើយនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះ ដែលមានឈ្មោះ យុទ្ធ រ៉ាម៉ាញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមជនរងគ្រោះ ជាម្ចាស់ម៉ូតូ សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-5958 បានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែសីហា បន្ទាប់វិលពីធ្វើការងារវិញ ចតម៉ូតូទុកដាក់នៅក្នុងបន្ទប់ខាងក្រោម ហើយខ្លួនឡើងទៅបន្ទប់ខាងលើ មួយសន្ទុះចុះវិញ ម៉ូតូត្រូវបានចោរលួចយកទៅបាត់ ដើរស្វែងរក ទាំងយប់ រហូតដល់ព្រឹកថ្ងៃទី២០ នៅតែមិនឃើញ លុះដល់ល្ងាចថ្ងៃដដែលនេះ ដោយសារមិនដឹងថា ខ្លួនស្នាក់នៅ ក្នុងមូលដ្ឋានខាងណា ទើបរត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ រៀបរាប់ ភិនភាគម៉ូតូ និងដំណើររឿងហេតុ ទើបនគរបាលប្រាប់ ឲ្យទៅសាកសួរនៅប៉ុស្តិ៍កាកាប២វិញ ខណៈដែលគេរកឃើញម៉ូតូមួយគ្រឿងត្រូវបានជនសង្ស័យយកទៅលាក់ទុកក្នុងព្រៃ ហើយមានទាំងឃាត់ខ្លួនមនុស្ស៣នាក់ ដែលសង្ស័យ ជាប់ពាក់ព័ន្ធ បទល្មើសលួចម៉ូតូខាងលើ ខណៈដែល កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការរុករកជនសង្ស័យ ឃើញមនុស្ស៣នាក់ កំពុងនៅក្នុងព្រៃនោះ ហើយសមត្ថកិច្ច ឃាត់នាំទៅសាកសួរនៅផ្នែកជំនាញតែម្តង ៕







មតិយោបល់