ភ្នំពេញៈ នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ក្នុងល្បឿនលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករះរបាំងថ្មពុះចែក ទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់៥កង់ ទីតាំងស្ថិតតាមបណ្ដយផ្លូវ២៧១ ទល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនកើតហេតុគេឃើញរថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-9739 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុស្របនិងផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតបុករះរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ដួលរាបដល់ដី២កង់ និងវៀចចំនួន៣កង់ ព្រមទាំងធ្វើឲ្យរថយន្តបង្កដាច់កាឡេកង់មុខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
នៅក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕





មតិយោបល់