ស្វាយរៀងៈ កាពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្តែតទឹករសាត់មកជាប់កញ្ជែត សង្ស័យជាតៃកុងរថយន្តកុងតឺន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បាលស្ពានខាងកើតឈៀងខាងជើង ភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សាកសពដែលប្រទះឃើញនោះ ពិតជាតៃកុងរថយន្តកុងតឺន័រពិតប្រាកដមែន ពីព្រោះបុរសម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលម្សិលមិញប្រាប់ថា ខ្លួនជាព្រូរថយន្តតែប៉ុណ្ណោះ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យ និងឆែកឆេររកឃើញកាបូបដៃ ក្នុងហោប៉ៅ ដែលកាន់អត្តសញ្ញាណប័ណ្ណមានឈ្មោះ ហួត កំណត់ ភេទប្រុស មានទីលំនៅភូមិសន្សំំកុសល២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំំពេញ។
ចំពោះករណីនេះ សាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់