ព័ត៌មានជាតិ

ស្រវឹងបើករថយន្តម៉ាក Fortuner ពាក់ស្លាកលេខ ភ្នំពេញ 2AR-7737 បុកស្លាកប៉ាណូស្រាបៀរហ្គេនស្បឺគ និងបុកចូលផ្ទះគេផ្អើលទាំងកណ្តាលយប់

ភ្នំពេញ:
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿនដូចហោះ ក៏ជ្រុលទៅបុកស្លាកប៉ាណូនិងបុកសសររបងផ្ទះធំមួយដើមបណ្តាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ។ រីឯតៃកុងរថយន្តរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តម៉ាក Fortuner ស៊េរីទំនើប ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-7737 បើកតាមបណ្តោយផ្លូវ ២០៦ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះក៏ជ្រុលចង្កូតទៅបុកស្លាកប៉ាន់ណូធំមួយយីហោ(ស្រីនាង) បណ្តាលឲ្យហើបចេញពីគល់នឹងបែកថូផ្កាជាច្រើនថូហើយបន្តទៅបុកសសររបងផ្ទះដ៏ធំមួយបណ្តាលឲ្យបាក់មួយសសរនឹងរងការខូចខាតទ្វារផងដែរ។ រីឯរថយន្តវិលមួយជុំខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង ផ្ទុះពោងសុវត្ថិភាពទាំងអស់ បង្កឲ្យតៃកុងរថយន្តរងរបួសធ្ងន់បែកមុខត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុភ្លាមៗនោះសាច់ញាតិក្រុមគ្រួសារក៏បានមកដល់ហើយឡើងរថយន្តសាមុយទៅជាមួយតៃកុងរថយន្តនោះហើយសាច់ញាតិម្នាក់ទៀតនៅប្រមូលអីវ៉ាន់ក្នុងរថយន្ត។ ក្រោយមកសមត្ថកិច្ចជំនាញក៏យករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តចូលមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់