ព័ត៌មានជាតិ

នគរបាលចាប់វាយខ្នោះបុរសម្នាក់ ដោយសារយកបំពុងទីបជ័រ វាយធ្វើបាបកូនអាយុ៥ឆ្នាំម្នាក់

ភ្នំពេញៈ កុមារអាយុ៥ឆ្នាំម្នាក់ ត្រូវឪពុកចុងចិត្តអប្រិយបានយកដំបងទីបជ័រ វាយធ្វើបាបបណ្ដាលឲ្យរងរបួសពេញខ្លួន ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ២ ចាប់វាយខ្នោះយកមកប៉ុស្តិ៍ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅ២ បានឲ្យដឹងថាឪពុកចុងនោះឈ្មោះ យឹម សំណាង អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ស្រុកកំណើតនៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។ កុមាររងគ្រោះមានអាយុ៥ឆ្នាំ។

បើតាមសម្ដីម្ដាយកុមាររងគ្រោះបានឲ្យដឹងថា អំពើហិង្សាដែលឪពុកចុងវាយទៅលើកុមាររងគ្រោះខាងលើនេះ គឺមិនមែនតែមួយលើកនេះទេគឺមានចំនួន ៣លើករួចមកហើយ រួមទាំងលើកនេះដែលប្ដីចុងរបស់នាងបានវាយដំទៅលើកូនរបស់ខ្លួន ដោយប្រើប្រាស់បំពង់ទីបជ័រ វាយម្ដងៗធ្វើឲ្យកូនរបស់ខ្លួនរបួសពេញខ្លួនរាប់ថាខែ ទើបធ្វើឲ្យនាងទប់អារម្មណ៍មិនបាននិង ដាច់ចិត្តប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនតែម្តងដើម្បីឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានខាងនគរបាលប៉ុស្តិ៍ចោមចៅ២ កំពុងសួរនាំចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់