ព្រៃវែងៈ លោកអធិការស្រុកស្វាយអន្ទរបានប្រាប់Post Newsថាមានជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីអាជីវករលក់ម៉ូតូថា មានបុរសខាងលើយកម៉ូតូមកលក់ដោយពុំមានឯកសារត្រឹមត្រូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យរូបនេះ ក្រោយពីទទួលបានព័ត៌មានពីអាជីវករលក់ម៉ូតូ ឈ្មោះ ទូច សាន ភេទប្រុស ជាអ្នកលក់ដូរនៅផ្សារស្វាយអន្ទរ ថាមានជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសង្គ្រោះ ឃុំសំប៊ួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានយកម៉ូតូមកលក់ដោយពុំមានឯកសារ ទើបក្រោយពីទទួលបានព័ត៌មាននេះរួចមក សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ តែបែរជាជនសង្ស័យរូបនោះរត់គេចខ្លួនចូលក្នុងផ្សារចោលម៉ូតូ តែទីបំផុតត្រូវសមត្ថកិច្ចបានព័ទ្ធចាប់បានតែម្តង។
តាមចម្លើយសារភាព ពីជនសង្ស័យថា ខ្លួនពិតជាបានប្លន់ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ម្ចាស់ឈ្មោះ ប៉ុន (កូនពេទ្យផល្លី) ដែលករណីប្លន់នេះ បានកើតឡើងនៅចំណុចប្រឡាយមុខបួន ក្នុងភូមិឃុំស្រុកខាងលើ ហើយបច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់