ព័ត៌មានជាតិ

រថយន្តម៉ាកMatrix ស្លាកលេខ ភ្នំពេញ2O-8966 មួយគ្រឿង បុករះម៉ូតូ៣គ្រឿងបន្តបន្ទាប់គ្នាបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកMatrix មួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បុករះម៉ូតូចំនួន៣គ្រឿង បន្តបន្ទាប់គ្នាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តម៉ាកMatrix ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-8966​ ។ ម៉ូតូរងគ្រោះទី១ ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-0586 បើកដោយបុរសម្នាក់រងរបួសធ្ងន់ ម៉ូតូរងការខូចខាតយ៉ាងដំណំ។ ម៉ូតូរងគ្រោះទី២ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-2273 រងការខូចខាតយ៉ាងដំណំ។ ម៉ូតូរងគ្រោះទី៣ម៉ាកវ៉េវ ពាក់ស្លាកលេខ​ យ2691ភព1 រងការខូចខាតយ៉ាងដំណំ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងឆ្វេងបុកជាមួយម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅខាងលើ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ត្រូវបានបញ្ជូនទៅសង្គោះបន្ទាន់។ រីឯម៉ូតូត្រូវរងការខូចខាតយ៉ាងដំណំភ្លាមៗនោះក៏ស្រាប់តែរថយន្តខាងលើបន្តដំណើរទៅមុខយ៉ាងលឿនទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមនិងម៉ូតូម៉ាក Wave ខាងលើរងការខូតខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កទៅមុខលែងរួចហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាក់បើករថយន្តទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វារ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទាំង៣គ្រឿងនិងរថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់