ព័ត៌មានជាតិ

ប្រុងប្រយ័ត្នចំពោះកូនតូចៗ! ក្មេងប្រុសអាយុ១ខួប ហូរតាមទឹកជំនន់លង់ស្លាប់…!

​កណ្តាលៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល​ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ​មានករណីកុមារាម្នាក់លង់ទឹកស្លាប់ នៅចំណុចភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កុមារាគ្រោះឈ្មោះ វិច្ឆិកា បូរ៉ា អាយុ​១ឆ្នាំ មុខរបរ ក្នុងបន្ទុក (ស្លាប់) មានឪពុកឈ្មោះ ឈាវ វិច្ឆិកា អាយុ​២៦​ឆ្នាំ ​ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ និងម្តាយឈ្មោះ ធា ស្រីលក្ខ័ អាយុ​២៧​ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិឃុំកើតហេតុ។

​​នៅមុនពេលកើតហេតុ រយៈពេលជាច្រើនខែមកហើយឈ្មោះ ធា ស្រីលក្ខ័ បានទុកកូនខ្លួនឈ្មោះ វិច្ឆិកា បូរ៉ា ឲ្យម្តាយឈ្មោះ សុខ ឡា មើលថែ ឯខ្លួនបានទៅធ្វើការរោងចក្រ ចំណែកប្តីទៅធ្វើការកម្មករសំណង់។ លុះដល់វេលាថ្ងៃកើតហេតុ ឈ្មោះ សុខ ឡា បានអង្គុយវិចនំអន្សមនៅលើគ្រែក្រោមផ្ទះ ឯជនរងគ្រោះនៅលេងម្នាក់ឯងមុខផ្ទះក្បែរមាត់ទឹក (ទឹកជំនន់ហូរកាត់មុខផ្ទះ)។
ក្រោយមកស្រាប់តែបាត់ជនរងគ្រោះ ទើបឈ្មោះ សុខ ឡា ស្រែកឆោឡោនិងមានមនុស្សជាច្រើនបានជួយចុះរាវរកជនរងគ្រោះក្នុងទឹក តែរកមិនឃើញ រហូតដល់ថ្ងៃទី ២៥.០៨.២០១៨ វេលាម៉ោង៨:០០ នាទី ទើបរកជនរងគ្រោះឃើញនៅក្នុងទឹកក្រោយផ្ទះឈ្មោះ ស៊ីម មុំ ជាប់នឹងគុម្ពឬស្សី មានចំងាយប្រហែល ៥០ ម៉ែត្រ ពីផ្ទះជនរងគ្រោះ និងមានជម្រៅ ០,៦០ ម៉ែត្រ ដោយបានស្លាប់បាត់បងជីវិត ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាឯក។

បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់​​ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់