ព័ត៌មានជាតិ

ហួសថ្លែង! សមត្ថកិច្ច ចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ម៉ាកWin win ប្រមាណ១៧តោន នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងក្រោយពីបានធ្វើការ​ស្រាវជ្រាវសើបអង្កេតកម្លាំងជំនាញនាយកដ្ឋាន បានសហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែងនៅផ្ទះ លេខAB៤-៥ ផ្លូវ៥៦R នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញទីតាំងខាងលើនេះ បានវេចខ្ចប់ប៊ីចេងក្លែងក្លាយ និងភស្តុតាងរួមមាន៖ ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ ០២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ០២គ្រឿង ជញ្ជីងថ្លឹង ០២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀត សរុបទំងន់ទាំងអស់ប្រមាណ ១៧តោន ។

ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចបានសម្រេចដកហូតនិងរក្សាទុកក្លុំបេ បិទទីតាំងខាងលើ ហើយបាននាំខ្លួនម្ចាស់ទីតាំងលោកស្រី សុខ វួចលីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីច្បាប់ ៕

មតិយោបល់