ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្ដកាមរីបាឡែន ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចអស់៣កង់ នៅខណ្ឌដូនពេញ

ភ្នំពេញ: រថយន្ដកាមរីបាឡែនមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យខូចខាតអស់ចំនួន៣កង់ ចំណែក រថយន្ដដាច់កង់មុខផ្នែងខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្តុបក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1AI-0101 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្រោយពីបង្កហេតុ គេចខ្លួនបាត់បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកបរក្នុងល្បឿនលឿងធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតអស់ចំនួន៣កង់ និងខូចខាតរថយន្ដយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពីបង្កហេតុម្ចាស់រថយន្ដបង្កចុះពីរថយន្ដគេចខ្លួនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់