កណ្ដាលៈ ទីតាំងសិប្បកម្មផលិតបារីក្លែងម៉ាក ESSE ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាប កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមការឱ្យដឹងពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ឡុង ស្រេង។
លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្ដកណ្ដាល និងអាជា្ញធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល។
ជុំវិញការចុះឆែកឆេរទីតាំងសិប្បកម្មផលិតបារីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ នឹងឆែកឆេរយ៉ាងយកចិត្តទុកដាក់ ហើយសមត្ថកិច្ចបានឆែករកឃើញនូវវត្ថុតាងមួយចំនួន និងដកហូតយកទៅធ្វើការស្រាវជ្រាវបន្តទៀត៕
មតិយោបល់