រតនគិរីៈ រដូវនេះជាវស្សាធ្វើមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាត ជាក់ស្ដែងនៅខេត្តរតនគិរីមានភ្លៀងជាប់ៗគ្នារយៈពេល៣ថ្ងៃនេះ បានបណ្តាលឲ្យ ភូមិ ឃុំ ស្រុក មួយចំនួនបានរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ពានមួយកន្លែងស្ថិតនៅភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី បានរងការបាក់ស្រុតដីផ្នែកខាងក្បាលស្ពាន។
បើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក ភ្លៀងនឹងអាចបន្តធ្លាក់ដល់ថ្ងៃទី០៣ ខែកក្កដា នៅតាមតំបន់មួយចំនួនខេត្តនេះ។
ផ្អែកតាមការជូនដំណឹងខាងលើនេះ រដ្ឋបាលខេត្តរតនគិរី សូមក្រើនរំលឹកដល់អភិបាល ក្រុង ស្រុក អាជ្ញាធរមូលដ្ឋានដូចខាងក្រោម ៖
១. សូមយកចិត្តទុកដាក់ តាមដានសភាពការពីស្ថានភាពជំនន់ទឹកភ្លៀង និងកម្ពស់ទឹកទន្លេ។
២. ផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់។
៣.ត្រៀមកម្លាំងសម្រាប់ជួយអន្តរាគមន៍ បើមានករណីប្រជាពលរដ្ឋជួបគ្រោះថ្នាក់ដោយប្រការណាមួយ ឬករណីលិចលង់ខ្លាំង។
៤. រាយការណ៍រាល់សភាពការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យដឹងមុន។
៦. អាជ្ញាធរក្រុង ស្រុក ត្រូវចាត់វិធានការ ហាមឃាត់ដាច់ខាតរថយន្តឆ្លងកាត់ ផ្លូវស្ពានដែលរងការខូចខាត។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដោយត្រូវ៖
១. រាយការណ៍ជាបន្ទាន់រាល់ករណី ដែលកើតឡើងនៅតាមមូលដ្ឋាន ដើម្បីអាជ្ញាធរមានវិធានការទាន់ពេលវេលា។
២.ប្រុងប្រយ័ត្នកូនចៅតូចៗ កុំឲ្យពួកគេលេងទឹក និងប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ។
៣.រៀបចំទុកដាក់ទ្រព្យសម្បត្តិមានតម្លៃ របស់របរប្រើប្រាស់ និងសត្វពាហៈនឲ្យបានត្រឹមត្រូវ។
អាជ្ញាធរខេត្ត នឹងបន្តតាមដាន ជូនដំណឹងរាល់សភាពការប្រែប្រួលនេះរហូតដល់ធាតុអាកាសល្អប្រសើរឡើងវិញ៕
មតិយោបល់