ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ក្មេងជំទង់ម្នាក់ ត្រូវអាជ្ញាធរជួយសង្គ្រោះ ខណៈផ្ទះពលរដ្ឋ៣០ខ្នង ត្រូវបានបំផ្លាញនៅត្នោតជ្រុំ (វីដេអូ)

ភ្នំពេញៈ រយៈពេលប្រមាណជាងកន្លះម៉ោង សមត្ថកិច្ចបានគ្រប់គ្រងស្ថានភាពគ្រោះអគ្គិភ័យទាំងស្រុង ខណៈសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យអស់ជាង១០គ្រឿង ដើម្បីអន្តរាគមន៍ក្នុងហេតុការណ៍នេះ។

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានប្រាប់ Post News ថា គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៨ ខែមិថុនានេះ ក្មេងស្រីជំទង់ម្នាក់ អាយុ១៤ឆ្នាំ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជួយសង្គ្រោះអាយុជីវិត បន្ទាប់ពីនាងបានជាប់គាំងនៅក្នុងផ្ទះដែលត្រូវអគ្គិភ័យកំពុងឆាបឆេះ ដែលរហូតពេលនេះ ក្មេងរងគ្រោះ បានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺផ្ទះប្រជាពលរដ្ឋចំនួន៣០ខ្នង ធ្វើអំពីឈើ ត្រូវបានអគ្គិភ័យបំផ្លាញតែក្នុងពេលមួយបប្រិចភ្នែក។

អាជ្ញាធរបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង បានចេញអន្តរាគមន៍ ក្នុងនោះ មានរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង និងរថយន្តរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង។ ចំពោះមូលហេតុ នៃគ្រោះអគ្គិភ័យនៅរសៀលនេះ អាជ្ញាធរនៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ក្រៅផ្លូវការ បានឲ្យដឹងថា អគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

គួរបម្រាបថា នៅវេលាម៉ោងប្រមាណ២៖៣០នាទី រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅចំណុចភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទោះយ៉ាងណា រថយន្តពន្លត់អគ្គិភ័យជាច្រើន បានជួយអន្តរាគមន៍ជួយពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនេះដែរ ប៉ុន្តែការអន្តរាគមន៍ហាក់មិនសូវបានពេញលេញនោះទេ ពោល គឺសមត្ថកិច្ចពិបាកក្នុងការអន្តរាគមន៍ពន្លត់ ដោយសារតែតំបន់នោះ ផ្លូវមានសភាពតូចចង្អៀត៕

https://youtu.be/NcJ-xdH8FlY

មតិយោបល់