ព័ត៌មានជាតិ

ហៅមិនឆ្លើយ ទើបគាស់ទ្វារមើល ស្រាប់តែឃើញរឹងស្ដូក បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ បុរសម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២ កញ្ញា ២០១៨ ត្រង់ចំណុចបន្ទប់ជួលលេខ១ ជាន់ទី១ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្មោះ សាំង លឹមចេង អាយុ៣០ឆ្នាំ មុខរបរកម្មករដឹកឥវ៉ាន់ ស្នាក់នៅចំណុចកើតហេតុ មានស្រុកកំណើតភូមិ អង្គសង្កែ ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រពន្ធឈ្មោះ បេង រស្មី អាយុ ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានផឹកស៊ីជាមួយអ្នកជិតខាងក្បែរ បន្ទប់ជួល អស់ចំនួន ២កំប៉ុង រួចម៉ោងប្រហែល៨យប់ បានសុំឡើងទៅបន្ទប់ ប្រាប់ថាអត់ស្រួលខ្លួន ងងឹតមុខ។ លុះព្រឹកឡើង ម៉ោងប្រហែល៨ព្រឹក ប្រពន្ធចេញពីធ្វើការវេនយប់ មកដល់ គោះទ្វារបន្ទប់ តែប្តីមិនបើក ទើបប្រពន្ធបានបើកបង្អួចកញ្ចក់ យកសំបកកំប៉ុងស្រា គប់ក្រែងប្តីដឹងខ្លួន តែប្តីនៅតែមិនភ្ញាក់ ក៏ហៅអ្នកជិតខាងឲ្យជួយគាស់ទ្វារ និងបង្អួចចេញ ទើបដឹងថា ប្តីខ្លួនស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ប្រពន្ធជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យជាក់ស្តែង បានសន្និដ្ឋានថា សពបានស្លាប់ដោយសារខ្យល់គរប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរ៕

មតិយោបល់