Post News Media ព័ត៌មានជាតិ (មានវីដេអូ) រ...

(មានវីដេអូ) រថភ្លើងបើកកៀរនារីម្នាក់រងរបួសបាក់ជើងម្ខាង

ភ្នំពេញ: ស្ត្រីមានសតិមិនប្រក្រតីម្នាក់ទៅអង្គុយលេងលើផ្លូវរថភ្លើង បណ្តាលឲ្យរថភ្លើងកៀរធ្លាក់ពីលើផ្លូវដែករងរបួសបាក់ជើងខាងស្តាំ ហើយរថភ្លើងមិនបានឈប់ បន្តដំណើរទៅមុខបាត់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ ត្រង់ចំណុចផ្លូវដែក ឆ្លងកាត់ដោយផ្លូវបេតុង ភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីខាងលើសូម្បីតែឈ្មោះខ្លួនឯងក៏មិនចាំផង ម្តងប្រាប់ថាឈ្មោះនេះ ម្តងប្រាប់ថាឈ្មោះនោះ មានអាយុជាង៣០ឆ្នាំ។ តែបើតាមប្រជាពលរដ្ឋធ្លាប់ស្គាល់មុខស្ត្រីខាងលើ បានឲ្យដឹងថា គាត់មានសតិមិនប្រក្រតី មានទីលំនៅ ភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះដើរតាមផ្លូវដែក ត្រង់ចំណុចខាងលើ ស្របពេលនោះ មានរថភ្លើងមួយខ្សែរត់ពីលិចទៅកើត បើកមកជិតដល់រថភ្លើងស៊ីផ្លេ ហើយស៊ីផ្លេទៀត ពលរដ្ឋអ្នកដំណើរត្រូវឆ្លងកាត់ផ្លូវដែក បានឈប់ស្ងៀមគ្រប់គ្នាដោយប្រុងប្រយ័ត្ន ដោយមិននឹកស្មានថា នារីរងគ្រោះពេលដែលរថភ្លើងកាន់តែមកកៀកហើយ បែរជាទៅអង្គុយលើផ្លូវដែក ធ្វើឲ្យអ្នកឃើញហេតុការណ៍ ស្រែកភ្លាត់មាត់គ្រប់គ្នា តែមិនហ៊ានចូលទៅចាប់ ដោយសាររថភ្លើងមកដល់ទៅហើយ ទើបកៀរនារីរងគ្រោះធ្លាក់ចេញពីផ្លូវដែក រងរបួសបាក់ជើងខាងស្តាំ បែកក្បាលហូរឈាមរយះមុខមាត់។ ចំណែករថភ្លើងមិនបានឈប់ឡើយ បន្តដំណើរឆ្ពោះទៅមុខ ចូលក្រុងភ្នំពេញបាត់ បន្សល់ទុកតែស្ត្រីរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ របស់មណ្ឌលសុខភាពក្បែរនោះ ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុម: ៕

Loading...