ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក ពន្លះម៉ូតូPCX បណ្ដាលឲ្យអ្នកកាសែតអំណាចរាស្ត្រម្នាក់ បោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច

ភ្នំពេញៈ បុរសវ័យ៣០ឆ្នាំម្នាក់ បានបោកក្បាលនឹងថ្នល់បែកក្បាលហូរឈាមស្រោចលើថ្នល់ភ្លាមៗ បន្ទាប់ពីមានរថយន្តមិនចាំម៉ាកមួយគ្រឿង បើកកៀរអូសប្រហែល៥០ម៉ែត្រ ហើយរថយន្តបើកគេចបាត់ស្រមោល។

ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៥៩៨ ចម្ងាយពីស្នងការប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមានឈ្មោះ សេង ខេមរិន អាយុ៣០ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅវិមាន្យភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មានស្រុកកំណើតស្រុកបាត់ដំបង ខេត្តបាត់ដំង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GT-0423 បើកពីត្បូងទៅជើងខណៈមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងបើកស្របគ្នាមកពីក្រោយបានកៀរអូសជនរងគ្រោះប្រមាណ៥០ម៉ែត្រ បែកក្បាលស្លាប់ក្នុងថ្លុកឈាម និងម៉ូតូត្រូវរថយន្តអូសជាប់រហូតប្រហែល២០០ម៉ែត្រទើបរបូតចេញ ហើយរថយន្តបង្កបើកគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងវាស់វែង យកម៉ូតូរងគ្រោះទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញរង់ចាំក្រុមគ្រួសារយកឯកសារនិងប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់