ភ្នំពេញៈ នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បុករះនិងកិនម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស៦នាក់ នៅតាមដងផ្លូវព្រះមុន្នីវង្ស មុខវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តក្រទ្បុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន SCG។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីតាំងនោះ ដើម្បីអន្តរាគមន៍ ដោយឃាត់តៃកុងរថយន្ត យកមកកាន់អធិការដ្ឋាននគរបាល។
ក្នុងចំណោមជនរងគ្រោះខាងលើ គឺមានលោក គ្រូម្នាក់ឈ្មោះ សុខ ទែល បានទទួលមរណៈភាព នៅវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃដដែល។ សពត្រូវបានតម្កល់ធ្វើបុណ្យ នៅឯស្រុកកំណើត។
សូមបញ្ជាក់៖ ប្រជាពលរដ្ឋបានខ្សឹបប្រាប់ Post News នៅកន្លែងកើតហេតុថា ឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជួយជំរុញឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ឲ្យជួយទប់ស្កាត់រថយន្តធុនធំដឹកឥវ៉ាន់ខ្ពស់មេឃ កុំឲ្យចូលក្រុងពេលថ្ងៃ វាអាចបង្កការស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ប៉ុន្តែតាមការសង្កេតឃើញ នៅតែមានរថយន្តធុនធំ លួចបើកចូលពេលថ្ងៃដដែលៗ ហាក់បីដូចជាអាជ្ញាធរ នៅតាមបណ្ដាខណ្ឌនីមួយៗ មិនសូវអនុវត្តតាមការណែនាំជួនដំណឹងទាល់តែសោះ សង្ស័យតែខ្លាចអំណាចក្រុមហ៊ុនដឹកជញ្ជូនហើយមើលទៅ៕









មតិយោបល់