កំពង់ស្ពឺៈ យោងតាមលិខិតលេខ៩៩២ សផ៣ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើឲ្យស្នងការ នគរបាលខេត្តកំពង់ស្ពឺ អនុវត្តវិន័យរដ្ឋបាល លើលោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ក្រោយពីមានបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណី ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា និងឆបោក។
ការសម្រេចឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដាក់ពិន័យលើលោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការស្រុកថ្ពង រូបនេះ យោងតាម ចំណារដ៏របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន យឿន និងឈ្មោះ ឃឹម ចន្ធា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ុន យឿន និងឈ្មោះ ឃឹម ចន្ធា បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ២០១២ លោកអធិការ ហ៊ុន សុខហុន បានជួលពួកគាត់ឲ្យ កត់បញ្ជីដីធ្លី ដោយសន្យា ថាឲ្យប្រាក់ឈ្នួលក្នុង១ហិកតា ចំនួន៥០ដុល្លារ ប៉ុន្តែពេលធ្វើការឲ្យលោកអធិការ ហ៊ុន សុខហុន ចប់បែរជាមិនឲ្យលុយពួកគាត់។
ក្រោយមកដោយសារពួកគាត់ទារលុយនោះខ្លាំងពេក លោកអធិការ ហ៊ុន សុខហុន បានចោទពួកគាត់ថា ចេះអំពើ អាបធ្មប់ ធ្វើឲ្យប្រពន្ធលោកអធិការឈឺ និងបានរៀបចំគម្រោងសម្លាប់ពួកគាត់តែម្តង។
ទោះជាពួកគាត់ប្តឹងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយរកយុត្តិធម៌យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមិនអើពើនឹងពួកគាត់ដែរ ទើបពួកគាត់សម្រេចប្តឹងទៅក្រសួងមហាផ្ទៃឲ្យជួយតែម្តងទៅ។
យោងតាមលិខិតលេខ ៣១៥ អធ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ របស់អគារធិការដ្ឋាននៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្រោយពីបើកការស្រាវជ្រាវ មន្ត្រីជំនាញបានរកឃើញថា លោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការស្រុកថ្ពង ពិតជាបានប្រព្រឹត្តអំពើមិនប្រក្រតី ក្នុងរឿងទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋមែន ដោយបានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ប្រើអំណាចខុសតួនាទី និងភារកិច្ច។
លិខិតដដែលបាន សង្កត់ធ្ងន់ថា លោកអធិការ ហ៊ុន សុខហុន មានចរិត ឫក មានះ មិនទទួលកំហុស និងមិនគោរពតាមការអប់រំណែនាំ របស់ថ្នាក់លើ ទាំងស្នងការរងទទួលបន្ទុក ស្នងការ និងអភិបាលខេត្តនោះទេ បែរជាបន្តសកម្មភាពអសកម្មដដែលៗ ធ្វើឲ្យពលរដ្ឋថ្នាំថ្នាក់ និងបាត់បង់ជំនឿចិត្ត លើអាជ្ញាធរ កាន់តែខ្លាំងឡើងៗ។
លិខិតដដែលនេះ បានសំណូមពរឲ្យ ក្រសួងមហាផ្ទៃ សម្រេចដាក់ពិន័យរដ្ឋបាលលើលោកវរសេនីយ៍ទោស ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង តាមវិន័យកងកម្លាំង និងស្នើសុំឲ្យក្រសួងសម្រេចផ្ទេរភារកិច្ចលោកវរសេនីយ៍ទោស ហ៊ុន សុខហុន ទៅធ្វើការនៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីទទួលការអប់រំ និងពិនិត្យតាមដានកំហុស។
ពាក់ព័ន្ធ ករណីក្រសួងមហាផ្ទៃ ចេញលិខិតឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដាក់ពិន័យលើលោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់តាមទូរសព្ទ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រោយពីមន្ត្រីជំនាញរបស់លោក បញ្ជូនរបាយការណ៍ស្រាវជ្រាវ ពាក់ព័ន្ធរឿងលោកអធិការ ហ៊ុន សុខហុន និងសំណើរទៅក្រសួងមហាផ្ទៃ លោកស្នងការនៅមិនទាន់ទទួលបានលិខិតរបស់ អគ្គស្នងការនគរបាលជាតិ ឬរបស់ក្រសួងមហាផ្ទៃនៅឡើយទេ។
លោកថា បើលោកទទួលបានលិខិតនោះពេលណា លោកនឹងអនុវត្តតាមភ្លាម ដោយមិនរើសមុខនោះទេ ពោលគឺត្រូវតែអនុវត្តតាមច្បាប់ ជាដាច់ខាត។
យោងតាមឯកសារដែលទទួលបាន លិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជូន ទៅដល់សាលាខេត្តកំពង់ស្ពឺ តាំងពីម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែលិខិតរបស់ក្រសួងមហាផ្ទៃ មិនដឹងថា គាំងនៅទីណា ទើបរយៈពេល ជិត ៣ខែទៅហើយ លិខិតនោះមិនទាន់ទៅដល់ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលជាប់របងគ្នាសោះ បែរជាទៅមិនដល់។
ពលរដ្ឋរងគ្រោះសង្ឃឹមថា សាលាខេត្តកំពង់ស្ពឺ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងអនុវត្តតាម ការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយមិនបន្តបណ្តែតបណ្តោយ ឲ្យលោកអធិការ ហ៊ុន សុខហុន មានឱកាសធ្វើបាបប្រជាជនតទៅទៀតនោះទេ៕
មតិយោបល់