ភ្នំពេញៈ បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយក៏បង្កជាហិង្សារងរបួសស្នាម ព្រោះតែរឿងប្រពន្ធមកហៅទៅផ្ទះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ កណ្តាលអធ្រាត្រថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចតូបប៉ះកង់និងលក់ភេសជ្ជៈមួយកន្លែង នៅខាងមុខផ្សារទំនើបAEON តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលផឹកស៊ីស្រវឹងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើទី១មានឈ្មោះ សាន រី ភេទប្រុស អាយុ៣៨ឆ្នាំ ជាជាងប៉ះកង់ ស្នាក់នៅកន្លែងកើតហេតុ ជាភាគីខាងម្ចាស់តូបកើតហេតុខាងលើ។ និងភាគីម្ខាងទៀដែលជាអ្នករត់ម៉ូតូឌុបប្រចាំនៅកន្លែងកើតហេតុហើយស្គាល់គ្នានិងភាគីខាងលើមានឈ្មោះចិន ជើយ អាយុ៣៩ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុនិងបក្ខម្នាក់ទៀតមិនស្គាល់ឈ្មោះ រួមទាំងដកហូតម៉ូតូចំនួន៣គ្រឿង មួយគ្រឿងម៉ាក សង់កូរ៉េ និង២គ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ថែមទាំងពូថៅមួយទៀតផង។
បើតាមសម្តីទាំងស្រវឹងពីភាគីខាងម្ចាស់តូបបានឲ្យដឹងថាកាលពីវេលាម៉ោង៨យប់ថ្ងៃកើតហេតុ គាត់និងអ្នកលក់ដូរតាមរទេះ៣ទៅ៤នាក់ បានអង្គុយផឹកស្រាបៀរនៅតូបរបស់គាត់ដែលជាកន្លែងកើតហេតុ។ លុះផឹកអស់ស្រាបៀរប្រហែលកន្លះកេស ស្រាប់តែឃើញបុរសខាងលើដែលជាភាគីម្ខាងទៀតបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ដោយក្នុងស្ថានភាពស្រវឹងមកឈប់នៅកន្លែងកើតហេតុ។ ហើយដោយគាត់គិតថាជាអ្នកស្គាល់គ្នាឃើញមុខគ្នារាល់ថ្ងៃ គាត់ក៏បានហៅបុរសនោះឲ្យមកចូលរួចក្នុងវង្វង់ផឹកស៊ីជាមួយពួកគាត់។ ហើយមួយស្ទុះក្រោយមកស្រាប់តែប្រពន្ធរបស់បុរសខាងលើ បានមកហៅបុរសខាងលើឲ្យត្រឡប់ទៅផ្ទះ តែបុរសរូបនោះមិនព្រមទៅនោះទេ ក៏បង្កជាការឈ្លោះប្រកែកគ្នារវាងបុរសខាងលើនិងប្រពន្ធរបស់គេ។ ពេលនោះគាត់ក៏ប្រាប់បុរសនោះឲ្យត្រឡប់ទៅផ្ទះជាមួយប្រពន្ធទៅកុំមកឈ្លោះគ្នានៅទីនោះអី រួចគាត់ក៏បានយកស្រាបៀរ២កំប៉ុងដែលនៅសល់បោះចោលទៅដីដើម្បីបញ្ចប់ការផឹកស៊ី។ ហើយក៏បានបែកផ្លូវគ្នាទៅដេកអស់ទៅ។ លុះដល់វេលាកើតហេតុស្រាប់តែបុរសខាងលើដែលជាភាគីម្ខាងទៀតបាននាំបក្ខពួក៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿងខាងលើ មករករឿងគាត់ថែមទាំងវាយគាត់២ទៅ៣ដៃចំមុខទៀតផង ។ រួចក៏កើតជាការប្រតាយប្រតបគ្នា ភ្លាមៗនេះក៏មានសន្តិសុខដែលយាមកាមនៅបុរីពិភពថ្មីនៅក្បែរនោះបាននាំគ្នីគ្នាប្រមាណជាង១០នាក់មកជួយឃាត់ និងចាប់បានបុរសខាងលើរួមទាំងបក្ខពួកម្នាក់ដែលរងរបួសបែកក្បាល ចំណែកឯបក្ខពួកឯទៀតបានរត់គេចខ្លួនបាត់ស្រមោល។
បើតាមសម្តីទាំងក្នុងស្ថានភាពស្រវឹងពីភាគីខាងអ្នករត់ម៉ូតូឌុបបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមកកន្លែងកើតហេតុបំណងទិញស្រាទៅផឹកនៅឯផ្ទះរបស់ខ្លួនវិញ ហើយខណៈពេលមកដល់ក៏ត្រូវភាគីខាងម្ចាស់តូបហៅឲ្យចូលផឹកជាមួយ។ បន្ទាប់មកប្រពន្ធរបស់គាត់ក៏បានមកហៅគាត់ទៅផ្ទះ រួចគាត់ក៏បានដេញប្រពន្ធរបស់គាត់ឲ្យទៅផ្ទះមុនគាត់ទៅ។ ខណៈពេលនោះស្រាប់តែបុរសដែលជាភាគីខាងម្ចាស់តូប ដេញគាត់ឲ្យទៅផ្ទះ និងដៀលគាត់ថា អន់ណាស់ផឹកស៊ីប្រពន្ធមកហៅ ហើយថែមទាំងយកស្រាបៀរ២កំប៉ុងកប់ត្រូវក្បាលគាត់ថែមទៀតផង ហើយក៏បង្កជាហិង្សាវាយគ្នាតែម្តងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបាននាំខ្លួនបុរសទាំង៣នាក់ខាងលើរួមទាំងវត្ថុតាងត្រូវទៅសាកសួរនាំនៅនិងឃុំខ្លួនបណ្តោះអាសន្ននៅខណ្ឌសែនសុខដើម្បីរង់ចាំចាត់ការបន្តនៅពេលក្រោយ៕
មតិយោបល់