ព័ត៌មានជាតិ

ជនជាតិចិន២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា បុករថយន្តដឹកខ្សាច់កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានជនជាតិចិន០១នាក់បានបាត់បង់ជីវិត និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥ ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនជាតិទាំង០២នាក់ មិនទាន់ស្គាល់ឈ្មោះទេ មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូម៉ាកហុងដាទ្រីម ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-9550 ជិះឌុបគ្នា០២នាក់ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិនិមិត្ត៣ សង្កាត់និមិត្ត មានរថយន្តធុនធំ០១គ្រឿងម៉ាក ISUZU ដឹកខ្សាច់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0444 បានធ្វើដំណើរពីទិសខាងកើតទៅលិច ហើយបានបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូជនជាតិចិន បុកត្រូវចំហៀងខាងក្រោយផ្នែកខាងស្តាំ នៃរថយន្តកើតមានគ្រោះថ្នាក់តែម្តង អ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង អ្នករួមដំណើររងរបួសធ្ងន់ ដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត វត្ថុតាងត្រូវបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​និមិត្ត​ ។

នគរបាលបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ ដោយសាររថយន្តបានបត់ឆ្វេងឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរម៉ូតូក្នុងល្បឿនលឿន ​៕

មតិយោបល់