ព័ត៌មានជាតិ

សមត្ថកិច្ចជូនដំណើរ បុរសម្នាក់ទៅតុលាការ ក្រោយចាត់ខ្លួនតាមដីកា ពាក់ព័ន្ធរឿង លួចឡានគេលក់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានគោរពជូនដំណើរដ៏ខ្ពង់ខ្ពស់ បុរស ជាចោរលួចរថយន្តម្នាក់ ទៅតុលាការ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនតាមដីកា កាលពីពេលថ្មីៗនេះ។

បើតាមរបាយការណ៍របស់ នគរបាល បុរសជា ចោរលួចរថយន្ត គេលក់រូបនោះមានឈ្មោះហាក់ ចាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ មានទីលំនៅផ្ទះលេខ៩៥អ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ នៅពេលសមត្ថកិច្ចជូនដំណើរ និងអមដំណើរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោកចោរម្នាក់នេះ មិនត្រូវ សមត្ថកិច្ចដាក់ខ្នោះដៃ ដូចជនសង្ស័យដទៃៗឡើយ ពោលគឺលោកចោរ ហាក់ ចាន់នី ត្រូវបាន ធ្វើដំណើរយ៉ាងរំភើយ និងសេរីភាព ភ្ជាប់ដោយទូរស័ព្ទដៃ សម្រាប់ទាក់ទង ការងារផងដែរ។

គួររំលឹកថា កម្លាំងនគរបាល ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនលោកចោរ ឈ្មោះ ហាក់ ចាន់នី កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ៣២៨ ដ ច ន ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក (លួចរថយន្តគេយកទៅលក់) ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ៕

មតិយោបល់