កណ្តាលៈ នៅថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅវេលាម៉ោង២និង៣០នាទីរសៀល នៅចំណុចបឹងខ្លុង ស្ថិតក្នុង ភូមិ តាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ គឹម រិទ្ធី ហៅចិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ តាគោឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ជនរងគ្រោះជាមនុស្សស្រវឹងខួប)។
នៅមុនកើតហេតុថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺមានអ្នកភូមិឃើញជនរងគ្រោះដើរទៅផ្ទះតែម្នាក់ឯងក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ចាប់ពីថ្ងៃនោះមកក៏បានបាត់ជនរងគ្រោះរហូត ហើយក្រុមគ្រួសារសាច់ញាតិក៏បាននាំគ្នាដើររក ប៉ុន្តែដើររកមិនឃើញ។ លុះដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុ មានអ្នកទៅដាក់មងនៅចំណុចបឹងកើតហេតុក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកក្បែរគម្ពោធព្រៃ។
បន្ទាប់មកក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់និងផ្នែកជំនាញស្រុកក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានបង្កើត គណៈកម្មការ មានប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យមន្ត្រី ជំនាញ នឹងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុនិង ពិនិត្យសាកសព ឃើញថា៖ សាកសពមានសភាពហើម ស្អុយក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងករណីផ្សេងឡើយ។
ការសន្និដ្ឋាន៖ មន្ត្រីជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក។
ក្រោយពីពិនិត្យ រួចសពត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់