ភ្នំពេញៈ យោងតាមប្រភពពីប៉ូលិសខណ្ឌឫស្សីកែវ បានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ថា បន្ទាប់ពីចាប់ខ្លួនតាមដីការបស់លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ លោកចោរលួចឡាន ឈ្មោះ ហាក់ ចាន់នី ត្រូវបានចៅក្រមដោះលែងវិញ ព្រោះតែរកកំហុសលែងឃើញ ថាជាចោរ។
បើតាមប៉ូលិស បានឲ្យដឹងថា ជនជាប់ចោទជាចោរលួចរថយន្ត មានឈ្មោះ ហាក់ ចាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ (តែប្រភពមិនច្បាស់ការថា លោកចោរ ជាយោធាផ្កាយ៣) មានទីលំនៅផ្ទះលេខ៩៥អ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដើមចមដែលនាំឲ្យ លោកចោរ ត្រូវប៉ូលិសវៃខ្នោះ ព្រោះតែ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកស្រីចៅក្រម ថ្លាង ផាណែត បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុក លោក ហាក់ ចាន់នី កំណត់ ២ឆ្នាំ និងចេញដីកាចាប់ និងឃុំខ្លួន ពាក់ព័ន្ធបទល្មើសឆបោក។
មន្ត្រីតុលាការបង្ហើបថា អំពើឆបោក របស់លោកចោរ ហាក់ ចាន់នី គឺលួចឡានជនរងគ្រោះយកលក់ យកលុយចាយលេង។
គួររំលឹកថា កម្លាំងនគរបាល ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនលោកចោរ ឈ្មោះ ហាក់ ចាន់នី កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ៣២៨ ដ ច ន ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ឆបោក (លួចរថយន្តគេយកទៅលក់) ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ៕
មតិយោបល់