ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រទី២២ ខែមេសានេះ សិស្សសាលាមួយក្រុមមកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រមែប្រមូលមូលនិធិរបស់ខ្លួន ចំនួន៣លានរៀល យកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ត្បិតថានេះជាថវិកាតិចតួច ប៉ុន្តែផុសចេញពីការប្រឹងប្រែងក្នុងនាមជា សិស្សវិទ្យាល័យនៅឡើយ ក៏ជាការបំផុសគំនិតឲ្យសិស្សសាលាផ្សេងទៀត ចេញធ្វើសកម្មភពស្វែងរកមូលនិធិមកពីប្រភពផ្សេង ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យមួយនេះផងដែរ។
លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលបានដឹកនាំសិស្សានុសិស្ស របស់ខ្លួនចូលរួមក្នុងពិធីប្រគល់ថវិកានេះ បានអះអាងថា ទឹកប្រាក់ចំនួន៣លានរៀលនេះ បានមកពីការប្រឹងប្រែងរបស់សិស្សថ្នាក់ទី១២H នៅក្នុងវិទ្យាល័យរបស់ខ្លួន ដែលពួកគេបានបំផុសគំនិតធ្វើកម្មវិធីប្រគំុតន្ត្រី និងលក់ចំណីអាហារតួចមួយនៅក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព កាលពីថ្ងៃទី៩ ខែមេសាមុនចូលឆ្នាំកន្លងទៅ ដោយដាក់ឈ្មោះកម្មវិធីរបស់ខ្លួនថា «ដំបូលតែមួយ»។
កម្មវិធីនេះលោកថា តម្រូវឲ្យក្រុមការងាររបស់ពួកគេបង្កើតនូវស្នាដៃជាច្រើនដើម្បីដាក់លក់ និងដើម្បីស្វែងរកប្រាក់ចំណេញយកមកធ្វើជាមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកថានេះជាសកម្មភាពសង្គម ដ៏កម្រសម្រាប់សិស្សកម្រិតវិទ្យាល័យ ជាពិសេសសម្រាប់សិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រលងដើម្បីទទួលលទ្ធផលល្អក្នុងការសិក្សា។
តំណាងសិស្សជាម្ចាស់មូលនិធិ «ដំបូលតែមួយ» បានអះអាងប្រាប់ Post News ថាថវិកាដែលខ្លួនទទួលបានមិនមែនត្រឹមតែ៣លានរៀលនោះទេ ប៉ុន្តែដោយសារចង់ទុកមួយចំណែកដើម្បីយកទៅជួយដល់កុមារកំព្រានៅក្នុងវត្តខ្ពប និងដើម្បីទុកប្រើនៅក្នុងគម្រោងសប្បុរសធម៍ផ្សេងទៀត ទើបសម្រេចនាំយកត្រឹមតែ៣លានរៀល មកប្រគល់ដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្រុមនេះ ក៏អះអាងពីការចងក្រងកម្លាំងគ្នាដើម្បីបង្កើតឲ្យមាននូវសកម្មភាពរ៉ៃអង្គាសផ្សេងៗ ដើម្បីស្វែងរកថវិកាបែបនេះមកជួយដល់សង្គមក្នុងពេលបន្តបន្ទាប់ផងដែរ៕
មតិយោបល់