ព័ត៌មានជាតិ

​ចាប់បានជនដៃដល់ ករណីហិង្សាបណ្តាលឲ្យស្លាប់បុរសម្នាក់ នៅក្រុងបាត់ដំបង!

បាត់ដំបងៈ នៅថ្ងៃទី​៥​ ខែ​ កញ្ញា​ ឆ្នាំ២០១៨នេះ ដោយអនវត្តនូវបទបញ្ជារបស់លោក​​ ​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោក​ឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែន​ចូលរួមជា​មួយកម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលក្រុង​បាត់​ដំ​បង​ ស្រុកឯកភ្នំ​ និងដោយមានការសម្របសម្រួលលើនី​តិវិធីពីលោក​នួន​ សាន​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ​ ជនដៃដល់ក្នុងអំពើហិង្សាប្រើ​ប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះនិងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ត្រូវបានឃាត់ខ្លួននោះគឺឈ្មោះ ចាន់ សុហេង ភេទប្រុស អាយុ​២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង មកស្នាក់នៅបណ្តោះអាសន្ន ភូមិស្លាកែត​​ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង​​។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ធឿន មករា ហៅស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង​ ត្រូវបាន​បាត់ខ្លួនចាប់តាំងពីរាត្រីថ្ងៃទី​០៣ ​ខែកញ្ញា​ឆ្នាំ២០១៨​ ដោយមិនមានក្រុមគ្រួសារបានដឹងពីដំណឹងអ្វីទាំងអស់​ រហូតដល់ថ្ងៃទី​៥​ ខែ​ កញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង១០និង៣០នាទីព្រឹក​ប្រជាពលរដ្ឋនៅស្រុកឯកភ្នំបានប្រទះ​ឃើញសាកសព​បុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងសង្កែ​ ឃើញដូច្នេះទើបប្រជាពលរដ្ឋរាយការណ៍ព័ត៌មាននេះជូននគរបាលស្រុកឯកភ្នំ​ ក្រោយធ្វើការស្រង់សាកសពចេញពីក្នុងទឹកស្ទឹងមក​ ពិនិត្យលើរាងកាយសាកសពឃើញមានស្លាកស្នាមរបួសដែលនាំទៅដល់ការវាយតម្លៃអំពីស្ថានភាពដែលមា​នអំពើហិង្សាណាមួយដែល​បង្ក​ឡើងចំពោះសាកស​ពបុរស​រូបនេះ​​។​
​ផ្តើមចេញពីរូបភាព​សាកសពនេះទើបក្រុមគ្រួសាររបស់សពបានដឹង​ ហើយបាន​បង្ហាញប្រាប់សមត្ថកិច្ចថា​សាកសពមានឈ្មោះធឿន មករា ហៅ ស៊ុយ ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង​ ត្រូវបាន​បាត់ខ្លួនចាប់​តាំងពីរាត្រីថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ២០១៨​​ រហូតមកដោយមិន​ដឹងមូលហេតុ​ ។​

នៅពេលទទួលបានព័ត៌មានបែបនេះនគរបាលបាន​ប្រើប្រាស់វិធានការជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតដល់រសៀលថ្ងៃទី៥​ ខែ​ កញ្ញ​ ​ឆ្នាំ២០១៨ដដែលនេះពោលគឺត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះក្រោយពេលសាកសពស្រង់ចេញពីទឹកនគរបាលបាន​វែកមុខជន​ដៃ​ដល់ក្នុងការប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះឈ្មោះ​ ធឿន​ មករា​ហៅ​ស៊ុយ​បាត់បង់ជីវិត​ មកទទួលខុសត្រូវចំពោះមុខច្បាប់​។​

​ជនដៃដល់​ឈ្មោះចាន់ សុហេង​ បានឆ្លើយសារភាពថា​នៅរាត្រីថ្ងៃទី០៣​ ខែ​ កញ្ញាឆ្នាំ២០១៨ក្នុងអំឡុង​យប់ជ្រៅរំលងអាធ្រាតុខ្លួននិងជ​នរងគ្រោះមានជម្លោះជាមួយគ្នាក្នុងពេលផឹកស៊ី​ រហូតខ្លនប្រើប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះបណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែ​ហើយបន្ទាប់មកក៏លិចចូល​ក្នុងទឹកស្ទឹងបាត់ទៅ​ ក្រោយពីធ្វើសកម្មភាពហើយខ្លួនក៏សំងំធ្វើហាក់មិនបានដឹងរឿងអ្វីទាំងអស់រហូតដល់ពេលដែលសមត្ថកិច្ចនគរ​បាលធ្វើការឃាត់ខ្លួន​ ។​

ជនដៃដល់នឹងត្រូវរៀបចំសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ចាត់ការតាមផ្លូវច្បាប់៕​



មតិយោបល់