ភ្នំពេញៈ សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសង(កត់ឆ្នោតវៀតណាម)ខុសច្បាប់ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ផ្ទះលេខ៣០៦ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ កែវ ចាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅខាងលើ(គ្មានសារធាតុញៀន)។ សម្ភារៈបន្សល់ទុក៖ ក្រដាសកាត់ឆ្នោតមួយចំនួន , ម៉ាស៊ីនគិតលេខ១, ប្រដាប់អុកលេខ១, ប៊ិច១ដើម, ទូរសព្ទ័១គ្រឿង ម៉ាកហូវី,លុយរៀលចំនួន៣៣៥.០០០រៀល និងប្រាក់ដុល្លារ៣២ដុល្លារ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងជំនាញ របស់អធិការដ្ឋានគរបាលខណ្ឌសែនសុខ បានដឹងថានៅចំណុចកើតហេតុខាងលើ ថាមានបើកលេងល្បែងស៊ីសង (កត់ឆ្នោតវៀតណាម)។ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកធ្វើការសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់