ព័ត៌មានជាតិ

ជនជាតិចិនប្រុសស្រី៤នាក់ បើករថយន្តហាយឡែនឌ័រ បុករះរ៉ឺម៉កលក់មីឆា រថយន្តមួយគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ជនជាតិចិន និងមានប្រុសស្រី៤នាក់ បានបើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បោះពួយយ៉ាងលឿន ចុះពីស្ពានអាកាសស្ទឹងមានជ័យ បានរេចង្កូតបុករះទាំងកម្រោលរងការខូចរ៉ឺម៉កលក់បាយឆា ក្រឡាប់ផ្ងារជើង និងរបងផ្ទះបាក់២ផ្ទាំង ព្រមទាំងរថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅខាងជើងស្ពានអាកាសស្ទឹងមានជ័យ ប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្ដីជនរងគ្រោះ ដែលជាម្ចាស់រទេះលក់មីឆាបាយឆា បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-8199មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ជាជនជាតិចិន ព្រមទាំងប្រុសស្រី៣នាក់ទៀត រួមដំណើរជាមួយ បានបើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន។

មកដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង មិនបន្ថយល្បឿននោះទេ ស្រាប់តែជ្រុលចង្កូតបុករទេះលក់មីឆាបាយឆា និងរ៉ឺម៉កម៉ូតូក្រឡាប់ទៅប៉ះ និងរថយន្តលុចស៊ីសLX470 ចតនៅចញ្ចើមផ្លូវ និងរបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរ ក្នុងអំឡុងពេលកើតហេតុមនុស្សដែរ នៅកន្លែងកើតហេតុ បានឃើញទិដ្ឋភាពមិនស្រួល ក៏បានរត់ចេញភ្លាមៗ ដោយមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ ។

ក្រោយកើតហេតុ បុរសជនជាតិចិនដែលបើករថយន្តបង្កហេតុ មិនព្រមចុះដោះស្រាយនោះទេ រហូតសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់ទើបព្រមចុះសម្របសម្រួល ជាមួយភាគីរងគ្រោះ ដោយមានតំណាងជួយដោះស្រាយ ព្រមសងថ្លៃខូចខាតទៅលើរទេះលក់មីឆាបាយឆា និងរ៉ឺម៉កម៉ូតូជាម្ចាស់ ៤ពាន់ដុល្លារ និងរថយន្តលុចស៊ីសLX470 និងរបងផ្ទះពលរដ្ឋជាម្ចាស់ចំនួន៤ពាន់ដុល្លារទៀត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

មតិយោបល់