ព័ត៌មានជាតិ

រថយន្តដឹកដីបើកបុករះរថយន្តតាកូម៉ា ហើយបន្តទៅបុកម៉ូតូ២គ្រឿងបន្ថែមទៀត របួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: រថយន្តបែនដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បោះពួយល្បឿនលឿន បោលទៅបុកគូទរថយន្តតាកូម៉ា ហើយរេចង្កូតទៅបំណែកផ្លូវម្ខាង បន្តទៅបុកម៉ូតូចំនួន២គ្រឿងទៀត បើកបញ្ច្រាស​ទិស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ អស់រយ:ពេល១ម៉ោងគត់ ក្រោយកើតហេតុ ទើបឃើញនគរបាលមកដល់ សង្ស័យគាត់រវល់ខ្លាំងណាស់ហើយមើលទៅ​។

នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ បែន កង់៦ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5141 ដឹកដី បើកល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ព្យាយាមបើកវ៉ាជែង តែមិនផុតទៅបុកគូទរថយន្ត តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7635 បើកស្របទិស បណ្តាលឲ្យរងខូចខាត បែកស្តុប ប៉ោងជញ្ជាំងមួយចំហៀង ហើយរថយន្តបង្ក រេចង្កូតទៅបំណែកផ្លូវម្ខាង ជ្រុលបុកម៉ូតូ ចំនួន២គ្រឿងទៀត កំពុងបើកបរច្រាសទិស បណ្តាលឲ្យ ភាគីម៉ូតូចិន រងរបួសធ្ងន់ ចំណែកម៉ូតូវីវ៉ា ២នាក់ប្តីប្រពន្ធរងរបួសស្រាល ។

ប្រភពបន្តទៀតថា ភាគីម៉ូតូចិន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1M-4433 បើកបរដោយ ជនរងគ្រោះ ឈ្មោះ ម៉ៃ តារា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ មានស្រុកកំណើត ភូមិ ពោធិស្នាយ ឃុំ ព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង រងរបួសបាក់ជើងឆ្វេង វង្វេងបាត់ស្មារតី ។
ចំណែកភាគី ម៉ូតូ ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-4676 ជិះគ្នា២នក់ប្តីប្រពន្ធ បើកបរដោយឈ្មោះ ចាន់ ប៊ុនថុល ភេទប្រុស អាយុ៣០ឆ្នាំ រួមដំណើរជាមួយប្រពន្ធ មានទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនរងគ្រោះទាំង២នាក់រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ របួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុម: រីឯ ជនរងគ្រោះ២នាក់ ប្តីប្រពន្ធ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅពេទ្យដោយខ្លួនឯង​។ ដោយឡែក សម្ភារ: ម៉ូតូ២គ្រឿង ខូចខ្ទេចស្ទើទាំងស្រុង និង រថយន្ត២គ្រឿង សមត្ថកិច្ចជំនាញ ចុះទៅវាស់វែងរួច យកទៅរក្សាទុក ជាបណ្តោះអសន្ន រង់ចាំដោះស្រាយពេលក្រោយ​៕

មតិយោបល់