ព័ត៌មានជាតិ

ប៉ូលិសកម្ពុជា ប្រគល់ម៉ូតូ២គ្រឿងទៅឲ្យប៉ូលិសថៃ ក្នុងករណីចោរលួចម៉ូតូឆ្លងប្រទេស!

បាត់ដំបងៈ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង៩ និង១០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងសមត្ថកិច្ចភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក បានប្រគល់ម៉ូតូចំនួន២គ្រឿង ម៉ាកyamaha m slaz ស៊េរីឆ្នាំ២០១៦ មួយគ្រឿង និងស៊េរីឆ្នាំ២០១៧ មួយគ្រឿង ឲ្យទៅសមត្ថកិច្ចភាគីថៃ ដែលដឹកនាំដោយលោកអនុសេនីយ៍ ឯក ស៊ីម កាន់ មេបញ្ជាការកងអនុសេនាធំ ១៣០៣។

សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូខាងលើត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានលួចពីក្នុងប្រទេសថៃ អូសឆ្លងអូរព្រំដែន តាមច្រករបៀងចូលមកទឹកដីខ្មែរ ក្នុងភូមិសាស្ត្រ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ស្របពេលដែលជួបកម្លាំងសមត្ថកិច្ចធ្វើការដើរល្បាត ជនសង្ស័យក៏បានទុកម៉ូតូចោលហើយ រត់គេចខ្លួនបាត់អស់។

បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចភាគីថៃ បានយកនាំចូលទៅក្នុងប្រទេសថៃវិញតាមច្រកព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដើម្បីយកទៅប្រគល់ជូនម្ចាស់ម៉ូតូជាប្រជាពលរដ្ឋថៃ ដែលបានបាត់កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨៕

មតិយោបល់