ព័ត៌មានអន្តរជាតិ

UN ថ្កោលទោស ចំពោះការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល

តួកគីៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះការវាយប្រហារភេរវកម្ម នៅអាកាសយានមួយ ក្នងក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

តាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយអ្នកនាំពាក្យរបស់លោក បាន គីមូនឲ្យដឹងថា ”ក្តីសង្ឃឹមអគ្គលេខាធិការ គឺជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋនេះ នឹងត្រូវកំណត់ ហើយនាំយកមកកាត់ទោស”។

លោក បាន គីមូន បានគ្រាំទ្រឲ្យប្រទេសតួកគីរក្សាជំហររឹងមាំ សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែង នេះ និងបានសង្កត់ធ្ងន់ថា ត្រូវបន្ថែមកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ព្រមទាំងភាពជ្រុលនិយមនៃអំពើហឹង្សានេះ។

គួរបញ្ជាក់ដែរថា ការផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះ Ataturk ទីក្រុងអ៊ីស្តង់ប៊ុល សម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦ នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការវាយប្រហារពីរលើកនៅឯព្រលានយន្តហោះ កាលពីល្ងាចថ្ងៃអង្គារ។

មកទល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយ បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

មតិយោបល់