ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ស្លាកលេខនគរបាល 2-5168 បុកឡិចស៊ីស៣៣០ពីក្រោយ បើករត់ជាង១គីឡូម៉ែត្រទៅមុខលែងរួច

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តហាយឡែនឌ័រស្លាកលេខនគរបាលមួយគ្រឿង ជ្រុលបុករថយន្តឡិចស៊ីស៣៣០មួយគ្រឿង ពីក្រោយរុញទៅបុកខឿនការ៉ាស់សាំងតូតាល់ រួចរេចង្កូតទៅបុកខឿនថ្មចាក់សាំង ហើយបើករត់បានប្រមាណជាង១គីឡូម៉ែត្រ បែកធុងទឹកហូប្រេងម៉ាស៊ីនពេញផ្លូវទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល2-5168 តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើតក្នុងលឿន លុះដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ១០០៣ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX-៣៣០ ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-0278 បើកបរដោយបុរសជនជាតិចិនម្នាក់នៅខាងមុខស្របទិសដៅគ្នា បញ្ឆិតផ្នែកខាងក្រោយខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសជ្រុលទៅបុកខឿនការ៉ាស់សាំងតូតាល់ខ្ទេចយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តរេចង្កូតមកខាងស្តាំជ្រុលទៅបុកខឿនថ្មសម្រាប់ចាក់សាំងពេញទំហឹងហើយមិនបានឈប់ដោះស្រាយគ្នានោះទេបានព្យាយាមបើករត់ទាំង បែកធុងទឹកនិងហូរប្រេងម៉ាស៊ីនពេញផ្លូវដល់ចំណុចមុខការ៉ាស់សាំងPTTផ្លូវ៥៩៨ ក្នុងសង្កាត់ទួសសង្កែ២ ខណ្ឌឬស្សីកែវ ទៅមុខលែងរួចជួននិងប្រជាពលរដ្ខជិះម៉ូតូដេញតាមពីក្រោយផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់